ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ចំណុច​បង្គោល​ព្រំដែន​លេខ​37(​បង្គោល​ឯកភាព​)

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​37 (​បង្គោលឯកភាព​) ស្ថិត​នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​អង្គារ៍ ទី​៤ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៩:២១​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេ​ត​ការណ៍​អាស៊ាន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​37 (​បង្គោល​ឯកភាព​) ស្ថិត​នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ការ​ចុះ​សង្កេតការណ៍​នេះ​ មាន​គោល​បំ​ណង​ផ្តល់​ជូន​អ្នក​សង្កេតការណ៍​អាស៊ាន​ នូវ​ការ​យល់​ដឹង​ទូលំទូលាយ និង​ផ្អែក​លើ​ការ​សង្កេត​ផ្ទាល់ អំពី​ស្ថានភាព​នៅ​តំបន់​ព្រំដែន ព្រមទាំង​បង្ហាញ​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​ការ​ពិភាក្សា និង​យន្តការ​ទ្វេភាគី ស្រប​តាម​ច្បាប់​អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ជា​ធរមាន និង​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​ ។

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ពិធីសារ​កំណត់ព្រំដែន ផែនទី​ដែល​ជា​លទ្ធផល ​នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម កំណត់ ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម MOU ឆ្នាំ​២០០០ TOR ឆ្នាំ​២០០៣ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ ​៕