ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​អំពា​វនាវ​ឱ្យ​​អាជ្ញា​ធរ​ចាត់​វិធាន​ការ​ទប់​ទល់​នឹង​ការ​ឡើង​កម្ដៅ​ដែល​ស.ម្លា.ប់​ម.នុ.ស្ស​១៩​នាក់

6 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី​ជេ​ម្យុង​ ​ជំរុញ​ឱ្យ​​អាជ្ញា​ធរ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ឡើង​កម្ដៅ​។ លោក​ចាត់​ទុក​ថា​នេះ​ជា​គ្រោះ​មហន្ត​រាយ​របស់​ប្រទេស​ជាតិ​ព្រោះ​​​មនុស្ស​យ៉ាង​តិច​១៩​នាក់​បាន​ស្លាប់​។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ព្រឹក​មិញ​ លោក​លី​​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចាត់​វិធាន​ការ​ដែល​ចាំ​បាច់​ទាំង​អស់​ដើម្បី​ការ​ពារ​ជីវិត​មនុស្ស​ និង​ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​ចែក​ចាយ​អគ្គិសនី​ស្រប​ពេល​ដែល​មនុស្ស​បើក​ម៉ាស៊ីន​ត្រជាក់​កាន់​តែច្រើន​​​ដើម្បី​ទប់​ទល់​នឹង​ការ​ឡើង​កម្ដៅ​។ លោក​​ថ្លែង​បន្ត​ទៀត​ថា​អ្វី​ដែល​ជា​កង្វល់​ដ៏​ធំ​នៅ​ត្រង់​ថា​កម្ដៅ​អាច​នឹង​បន្ត​កើត​ឡើង​រយៈ​ពេល​យូរ​អង្វែង​ត​ទៅ​មុខ​​ទៀត​។ លោក​ចង់​ឱ្យ​មាន​ការ​កែ​សម្រួល​ឡើង​វិញ​នូវ​វិធាន​ការ​ទប់​ទល់​នឹង​គ្រោះ​ធម្ម​ជាតិ​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​កើត​មាន​ហានិភ័យ​ធ្ងន់​ធ្ងរ​។

ទី​ភ្នាក់​ងារ​ឧតុនិយម​ជាតិ​ថ្លែង​ថា​ទី​ក្រុង​យ៉ាង​សាន (Yangsan) ឡើង​កម្ដៅ​ដល់​៤២,៥​អង្សា​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​កម្ដៅ​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​១២២​ឆ្នាំ​ចុង​ក្រោយ​​។ គណៈ​កម្ម​ការ​ឧតុ​និយម​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ចេញ​សេចក្ដីព្រមាន​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​ថា​​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​សេ​អ៊ូល និង​ទី​ក្រុង​គ្យុង​ជី (Gyeonggi) ដែល​នៅ​ក្បែរ​នោះ​ត្រូវ​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ថ្ងៃ​នេះ គណៈ​កម្ម​ការ​ដដែល​​អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ទូទាំង​រដ្ឋ​ធានី​តែ​ម្ដង​។ អាជ្ញា​ធរ​ក៏បាន​ចេញ​សារ​ដាស់​តឿន​ខ្លី​ៗ​ដើម្បីឱ្យ​ប្រជា​ជន​ផ្អាក​ធ្វើ​សកម្មភាព​នៅ​ទី​ចំហ​ដូច​ជា​នៅ​តាម​កសិដ្ឋាន កន្លែង​លេង​កីឡា និង​ការ​ដ្ឋាន​សំណង់​ជា​ដើម​។

ប្រជា​ជនម្នាក់​ប្រាប់​ថា​ខ្លួន​ពុំ​ដែល​ជួប​ប្រទះ​​សីតុណ្ហ​ភាពក្ដៅ​ហួត​ហែង​ដល់​ថ្នាក់​នេះ​ទេ​ពី​មុន​មក​។ គាត់​រស់​នៅ​ភូមិ​ចូ​បាង​ជិត​ម្ភៃ​ឆ្នាំ​​ហើយ​។ ទី​នេះ​ជា​ផ្ទះ​មាន​តែ​មួយ​បន្ទប់​ស្ថិត​នៅ​សង្កាត់​យ៉ុង​ឌឺន​ប៉ូ​នៃ​ទី​ក្រុង​សេអ៊ូល​ភាគ​ខាង​លិច​។ អ្នក​ខ្លះ​ទ្រាំ​ទ្រ​នឹង​កម្ដៅ​មិន​បាន​ត​ទៅ​ទៀត​ក៏​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​គេហដ្ឋាន​ដែល​រដ្ឋាភិបាល​រៀប​ចំ​ទុក​ឱ្យ​មាន​ម៉ាស៊ីន​ត្រជាក់​។ ជន​អនា​ថា​ដែល​គ្មាន​ទី​ជម្រក​ក៏​​ស្នាក់​​នៅ​ទី​នោះ​តាំង​ពី​មុន​នេះ​ទៅ​ទៀត​។ ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​ម្នាក់​ឈ្មោះ​សុន​គីយ៉ាំង​ប្រាប់​ថា​ខ្លួន​មាន​ចិត្ត​ក្រៀម​ក្រំ​នៅ​ពេល​ឃើញ​ជន​អនាថា​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​​​ទទួល​រង​កម្ដៅ​ដ៏​ខ្លាំង​បែប​នេះ​។

ភ្នាក់​ងារ​អគ្គិភ័យ និង​មន្ត្រី​រដ្ឋាភិបាល​បន្ត​បាញ់​ទឹក​ឱ្យ​បាន​ជោគ​ជាំ​នៅ​តាម​ដង​វិថី​នានា​ និង​ដើរ​ពិនិត្យ​មើល​ក្រែង​លោ​មាន​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ពី​ការ​ឡើង​កម្ដៅ​នេះ​ធ្លាក់​ខ្លួន​ឈឺ​។ ភ្នាក់​ងារ​​ទប់​ស្កាត់ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​កូរ៉េ​ថ្លែង​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​ឡើង​កម្ដៅ​នេះ​កើន​ឡើង​ដល់​១៩​នាក់​។ ក្នុង​នោះ ១៣​នាក់​ជា​មនុស្ស​ចាស់​អាយុ​ចាប់​ពី​៨០​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​។ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥​មក ប្រជា​ជន​កូរ៉េ​ខាង​ត្បូង​ប្រឈម​នឹង​ការ​កើត​ជំងឺតម្កាត់​ពេញ​ផ្ទៃ​ប្រទេស​​ដោយ​សារ​ការ​ឡើង​កម្ដៅ​។ ​ការ​ប្រកួត​​កីឡា​ចំនួន​២ដែល​គ្រោង​ធ្វើ​នៅ​ទី​ក្រុង​សេអ៊ូល​ និង​ក្វាង​ជូ​នៅ​ថ្ងៃ​នេះ​​​ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ព្រោះ​តែ​ការ​ឡើង​កម្ដៅ​៕ ប្រភព៖ Reuters​