រាជធានីភ្នំពេញ ៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ថ្មីមួយទៀត ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលមានសមត្ថភាពបូមរំដោះទឹកបាន ៨,៣៤ម៉ែត្រគូប ក្នុង១វិនាទី ។
ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ បានចាប់ផ្តើមការសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលរាជធានីភ្នំពេញ ដោយការដ្ឋានសម្រេចបាន ៩០% ហើយ គ្រោងភ្ជាប់ទុយោជាមួយស្ថានីយនៅមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីបូមទឹកទម្លាក់ចូលទន្លេ និងគ្រោងបញ្ចប់ការដ្ឋានទាំងស្រុង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ស្ថានីយបូមទឹកនេះមាន ម៉ូទ័រ៤គ្រឿង៖ ម៉ូទ័រមុខកាត់ ១ ម៉ែត្រ កម្លាំងបូម ៩,០០០ ម៉ែត្រគូប/ម៉ោង មានចំនួន ២ គ្រឿង, ម៉ូទ័រមុខកាត់ ០,៨ ម៉ែត្រ កម្លាំងបូម ៦,០០០ ម៉ែត្រគូប/ម៉ោង មានចំនួន ២ គ្រឿង, សរុបកម្លាំងបូមទឹក ៣០,០០០ ម៉ែត្រគូប/ម៉ោង ឬ ៨,៣៤ ម៉ែត្រគូប/វិនាទី ។
លោក គន់ សោភា ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខណ្ឌឫស្សីកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣ សីហានេះថា៖ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ មានតួនាទីបូមរំដោះទឹកចេញពីប្រឡាយបាក់ទូក ប្រឡាយអូរវែង មកគីឡូម៉ែត្រលេខ ៩។ ស្ថានីយបូមទឹកនេះ មិនត្រឹមតែរំដោះទឹកនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវប៉ុណ្ណោះទេ គឺបានរំដោះទឹកចេញពីខណ្ឌដូនពេញ និងខណ្ឌទួលគោកថែមទៀត ។
លោក គន់ សោភា បានបន្តទៀតថា៖ ក្រៅពីកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តតាមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារប្រឡាយបាក់ទូក និងប្រឡាយអូរវែងថែមទៀត ដើម្បីឱ្យទឹកបានហូរលឿនឆ្ពោះមកស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩។
ក្នុងនោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងដែរថា៖ ការស្តារប្រឡាយបាក់ទូក និងប្រឡាយអូរវែង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានអនុវត្តរយៈពេល ១២២ ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល ប្រឡាយបាក់ទូកស្តារបានប្រវែង ៣,៥២០ ម៉ែត្រ និងប្រឡាយអូរវែងស្តារបានប្រវែង ៣,៤៨០ ម៉ែត្រ សរុបប្រវែង ៧,០០០ ម៉ែត្រ។ ការងារនេះបានប្រើប្រាស់គ្រឿងចក្រ និងមធ្យោបាយ ១១ គ្រឿង (រថយន្តបូមដឹកសំណល់ចេញ ០៥ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃវែង ០៣ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃខ្លី ០១ គ្រឿង, សាឡង់ ០១ គ្រឿង)។ ប្រឡាយទាំង ២ នេះជួយរំដោះទឹកភ្លៀងពេលមានភ្លៀងធ្លាក់ខ្លាំង ការពារការលិចលង់ និងជាទីតាំងយុទ្ធសាស្ត្រទទួលទឹកហូរធ្លាក់ពីស្ថានីយបូមទឹកទួលគោក។
ជាមួយគ្នានេះដែរ លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណៈចុះពិនិត្យមើលប្រឡាយខាងលើនាព្រឹកថ្ងៃទី ០៣ សីហានេះ បានមានប្រសាសន៍ឱ្យដឹងថា៖ ខណៈកំពុងស្តារប្រឡាយអូរវែង ឯកឧត្តមអភិបាលរាជធានីភ្នំពេញឱ្យកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ ថែមទៀត វាប្រាកដជាធ្វើឱ្យសង្កាត់គីឡូម៉ែត្រលេខ ៦ លែងប្រឈមមុខនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ។
លោកចៅសង្កាត់គីឡូម៉ែត្រលេខ ៦ ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋលែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។ ជាមួយគ្នានោះ លោកចៅសង្កាត់ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់៕














ចែករំលែកព័តមាននេះ