ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ៥​គោលដៅ ឃាត់ខ្លួន​ជនសង្ស័យ១៧​នាក់

1 ខែ មុន

ខេត្តស្ទឹងត្រែង ​៖ ក្នុង​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក​រយៈពេល ២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បានជា​បន្តបន្ទាប់​រហូត​ដល់ ៥​គោលដៅ​ផ្សេង​គ្នា ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១៧នាក់ (​ស្រី ០៣​នាក់​)​ ។

​ដកហូត​វត្ថុ​តាង​ រួម​មាន ៖ សារ​ធាតុ ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ០៥​កញ្ចប់ (​ធំ ០១ និង​តូច ០៤) គ្រឿងញៀន​ប្រភេទ​គ្រាប់​ចំនួន ១៤៥​គ្រាប់ (​ស្ថានភាព​ត្រូវ​ទឹក​រលាយ​ចូល​គ្នា​) ​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០២​គ្រឿង​, រថយន្ត ០១​គ្រឿង​,​ ម៉ូតូ ១២
គ្រឿង​, ទូរសព្ទ​ដៃ ១៧​គ្រឿង​ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​ស្វែងរក​បក្សពួក និង​មេ​ខ្លោ​ង​ពាក់ព័ន្ធ​ផ្សេង​ទៀត យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ដោយ​មិន​លើកលែង​ឡើយ​ ។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន​ខាងលើ​ថ្នាក់ដឹកនាំ​ជំនាញ​ជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ផ្ញើសារ​យ៉ាង​សំខាន់​ដោយ​លើក​ឡើង​ថា ​៖ ​គ្រឿងញៀន មិន​ត្រឹមតែ​បំផ្លាញ​អនាគត​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​តាម​ច្បាប់ ​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។

ប្រតិបត្តិការ​ដ៏​ជោគជ័យ​នេះ បាន​ស្តែង​ឱ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់កងកម្លាំង​នគរបាល​ខេត្ត ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​។

អាជ្ញាធរ​ដែនដី ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ផ្តល់​ព័ត៌មាន និង​រាយការណ៍​រាល់​សកម្មភាព​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿ​ង​ញៀន ដើម្បី​រួម​គ្នា​កសាង​សហគមន៍​មួយ​ដែល “​គ្មាន​គ្រឿងញៀន​” និង​មាន​សុវត្ថិភាព​ពេញលេញ​ ៕