ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មួយ​ចំនួន នៅ​តែ​បន្ត​ប្រកប​មុខរបរ​ច្នៃត្បូង​លក់ ព្រោះ​ជា​មុខរបរ​បន្សល់​ទុក​តាំងពី​ដូនតា

1 ខែ មុន

ខេត្ត​ប៉ៃលិន ៖ តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា ការ​ប្រកប​មុខរបរ​ច្នៃត្បូង ​ធ្វើ​ជា​គ្រឿងអលង្ការ​លក់ របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន នៅ​តែ​បន្ត​មាន​ដដែល ព្រោះ​ខេត្ត​នេះ ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ត្បូង​ធម្មជាតិ ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​ល្បីល្បាញ​ស្ទើរ​ពាសពេញ​សកលលោក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ សកម្មភាព​ជីក​ត្បូង​ជា​លក្ខណៈ​អាជីព មិន​មាន​ទៀត​នោះ​ឡើយ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ពោល​គឺ មាន​តែ​សកម្មភាព​ប្រជាពលរដ្ឋ​រែង​ត្បូង​បន្តិច​ប​ន្ទួ​ច នៅ​តាម​ដងស្ទឹង​ប​យ៉ា​ខា និង​តាម​ដងស្ទឹង​ប៉ៃលិន​តិចតួច​ប៉ុណ្ណោះ។ ក្រោយ​ពេល​ពួក​គាត់​ទំនេរ​ពី​ការងារ​ស្រែ​ចំការ ឬ​ឱកាស​សម​ស្រប​ណាមួយ​នា​រដូវប្រាំង ដែល​មានទឹក​រាក់​សម្រាប់​ពួក​គាត់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា​ក៏​ដោយ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន កំពុង​ប្រកប​របរ​ច្នៃត្បូង​នេះ ដើម្បី​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក វាសនា ជា​កុងសែ​ទិញ ​និង​លក់​ត្បូង រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គ្រាប់​ត្បូង​ជា​ច្រើន គឺ​បាន​បន្សល់​ទុក​នៅ​តាំងពី​ពេល​មុន​មក​ម្លេះ ហើយ​ត្បូង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ទិញ​ចូល​មក​ពី​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តតាកែវ និង​ខេត្តរតនគិរី​ជាដើម ហើយ​ក៏​ត្រូវ​បាន​យក​មក​កែ​ច្នៃ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ។

លោក វាសនា បាន​បន្ត​ទៀត​ថា គ្រាប់​ត្បូង​កែ​ច្នៃ​រួច គឺ​មាន​អតិថិ​ជនក​ម្មង់​ទិញ​ត្បូង ដោយ​អ្នក​ខ្លះមក​ពី​បណ្តា​ខេត្ត​នានា រហូត​ដល់​រាជធានី​ភ្នំពេញ និង​អ្នកខ្លះ​ទៀត​ជិះ​យន្ត​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ដូច​ជា ប្រទេស​ចិន វៀតណាម និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដែរ ។

លោក​បញ្ជាក់​ថា ការ​ប្រកប​មុខរបរ​ច្នៃត្បូង​នេះ គឺជា​ដំណើរការ​ដែល​ទាមទារ​ឱ្យ​មាន​ជំនាញ និង​ការ​យកចិត្តទុកដាក់​ប្រិតប្រៀប​ខ្ពស់​បំផុត ។ កម្មករ​ស៊ីឈ្នួល​ច្នៃត្បូង នឹង​ធ្វើការ​កាត់ កែ​ច្នៃ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​រក្សា​ពន្លឺ​ត្បូង ឬ​ត្រូវការ​ឡាំ​បៀរ​ត្បូង​សិន មុន​នឹង​យក​ទៅ​ច្នៃ​ជា​ម៉ូ​ដ​ផ្សេង​ៗ ។

លោក​បន្ថែម​ទៀត​ថា បើសិនជា​ត្បូង​នោះ មានការ​បែក​បន្តិច​ប​ន្ទួ​ច និង​មាន​ពណ៌ ឬ​ពន្លឺ មិនសូវ​ល្អ ដើម្បី​បង្កើត​ជា​ត្បូង​ស្រស់​ស្អាត ដែល​មាន​តម្លៃ​ស្តង់ដា ។ ម្យ៉ាងវិញទៀត សកម្មភាព​ច្នៃត្បូង ភាគច្រើន គឺ​ធ្វើ​ឡើង​នៅ​តាម​ផ្ទះ ឬ​រោង​សិប្បកម្ម ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុងប៉ៃលិន និង​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ មុខរបរ​ច្នៃត្បូង​នេះ អាច​រកបាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដ៏​ល្អ​មួយ ដោយ​មិន​ភ័យ​ខ្លាច​ខ្វះមុខខ្វះក្រោយ​នោះ​ទេ ឱ្យ​តែ​ចេះ​ច្នៃ​ច្បាស់លាស់ ។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​លោក អ្នក​ប្រកប​របរ​ច្នៃត្បូង អាច​រកបាន​ប្រាក់​ចំណូ​ម​ចាប់ពី ៧០,០០០ រៀល ទៅ​ដល់ ៨០,០០០ រៀល ឬ​លើស​នេះ ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ពឹងផ្អែក​ទៅ​លើ​ជំនាញ​ផ្ទាល់ខ្លួន និង​ប្រភេទ​ត្បូង ឬ​បរិមាណ​ការងារ ដែល​ខ្លួន​ទទួល​ពី​ថៅកែ ។

ចំណែក​លោក ហូ ប្រកប​របរ​ច្នៃត្បូង​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា គាត់​បាន​ធ្វើការ​ស៊ីឈ្នួល​ច្នៃត្បូង​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ។
លោក​បន្ត​ទៀត​ថា ការ​ច្នៃត្បូង​នេះ មិនសូវ​មានការ​លំបាក​ប៉ុន្មាន​ទេ ព្រោះ​ជា​ជំនាញ​របស់​ខ្លួន តែ​ក៏​ត្រូវការ​ភាព​អត់ធ្មត់ និង​ការ​ព្យាយាម​ខ្ពស់​បំផុត ។ ហើយ​មុខរបរ​ច្នៃត្បូង​នៅ​ខេត្ត​ប៉ៃលិន គឺជា​វិស័យសេដ្ឋកិច្ច និង​ជា​វប្បធម៌​ដ៏​សំខាន់​មួយ​តាំងពី​យូរលង់​ណាស់​មក​ហើយ ពោល​គឺ​តកូនតចៅ ។

លោក​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​ផ្តល់​ប្រាក់​ចំណូល​ដល់​គ្រួសារ​ប៉ុណ្ណោះ​ទេ របរ​ច្នៃត្បូង​នេះ ថែម​ទាំង​ជម្រុញ​កិត្តិនាម​របស់​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ប្រទេស​កម្ពុជា ក្នុង​វិស័យ​ត្បូង​ពិភពលោក​ថែម​ទៀត​ផង ។ ដូច្នេះ​ហើយ មុខរបរ​ច្នៃត្បូង​នេះ អាច​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ជា​ទឹកដី​ត្បូង​ពេជ្រ​ផង​ដែរ ៕