ផ្ទុះអាគុយនិងថ្មពិលនៅទីតាំងកែច្នៃលោហៈខេត្តកំពង់ស្ពឺ៖ មាន់ជាង២ពាន់ក្បាលងាប់ ក្រសួងតម្រូវឱ្យក្រុមហ៊ុនបង់ប្រាក់ពិន័យសងសំណង និងដកទីតាំងចេញ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីជំនាញក្រសួងបរិស្ថានបន្តពិនិត្យតាមដាន ទីតាំងស្ល និងកែច្នៃលោហៈ ឈ្មោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd នៅខេត្តកំពង់ស្ពឺ ។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ក្រោយក្រុមការងារស្រាវជ្រាវរកឃើញថា សត្វមាន់របស់ប្រជាពលរដ្ឋងាប់ចំនួន២០០០ក្បាល ។

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ បានចុះពិនិត្យករណីទីតាំងទីតាំងស្ល និងកែច្នៃលោហៈ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានរងអគ្គិភ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ផ្អែកតាមការចុះពិនិត្យទីតាំង ករណីឆេះ នេះអាចបង្កដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរទីតាំងកែច្នៃ ។

គិតត្រឹមនៅវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ០២៦កន្លងទៅថ្មីៗនេះ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុន្លែងកន្លែងស្តុកទុក សំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។
មន្ត្រីក្រុមការងារបានរកឃើញនៅចម្ងាយ៥០ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និងចម្ងាយ១០ម៉ែត្រ មានកសិដ្ឋានចិញ្ចឹមមាន់ ដែលមានប្រមាណ២ម៉ឺនក្បាល។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ប្រមាណជាង ២០០០ក្បាលបានងាប់។
ក្រុមការងារបានវាស់គុណភាពខ្យល់បានឃើញ កម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយក្រុមការងារកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទៅតាំងស្លលោហះ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។
មន្ត្រីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់ (សម្រាប់ពលរដ្ឋ) ពាក់ម៉ាសការពារ ឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។ ការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល ។

តាមដានក្រុមមនុស្សងាយរងគ្រោះ យកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម មានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនងនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
សូមបញ្ជាក់ផងដែរថា ទីតាំងនេះបានទទួលប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និង ទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ បានរយ:ពេល ១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហះ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្ម ពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិល។
ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃអ្វើប្រពឹត្តកម្មសំ
ណល់អាគុយនិងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កាផលប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រា ២៧២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ៕


ចែករំលែកព័តមាននេះ