ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ប្ដី​ក្រោករៀបចំ​ខ្លួន​ទៅ​ធ្វើការ ប្រពន្ធ​ស្រែកហៅ​និង​ចាប់​អង្រួន​ ទើបដឹងថាស្លា.ប់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ ជិត​ដល់​ម៉ោង​ធ្វើការ​ហើយ​នៅ​ដេក​មិន​ព្រម​ក្រោក ដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការ​ទៀត បន្ទាប់​ពី​បានឃើញ​ប្ដី​ដេក​យូរ​ខុស​ប្លែក​ពី​រាល់ថ្ងៃ ប្រពន្ធ​ក៏​បាន​ចាប់​អង្រួន​ដាស់​ឲ្យ​ក្រោក ។ ខណៈនោះ​ស្រាប់តែ​នាង​ស្រឡាំងកាំង​ស្ទើរតែ​គាំងបេះដូង ព្រោះ​ឃើញ​ប្ដី​ស្លាប់​ប្ដី​ទន់​ដូច​បបរ​បាត់​ទៅ​ហើយ ប៉ុន្តែ​នាង​មិន​អស់ចិត្ត​ថា​ប្ដី​ស្លាប់​នោះ​ឡើយ ដោយសារ​តែ​ខ្លួនប្រាណ​ប្ដី​នៅ​ទន់​និង​ក្ដៅ​នៅឡើយ ។ ពេល​នោះ​នាង​ប្រពន្ធ​ក៏​បាន​សង្កត់​ទ្រូង​ប្ដី​ធ្វើ​ចលនា​បេះដូង​ជា​ការ​សង្គ្រោះ​បឋម ប៉ុន្តែ​ទោះបីជា​នាង​ខំប្រឹង​យ៉ាងណា​ដោយ ក៏​មិន​អាច​ជួយ​សង្គ្រោះ​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឲ្យ​រស់​ឡើង​វិញ​បាន​ទេ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ នៃ​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​ឈ្មោះ​ខេន សុខា (KEN SOKHA) អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ។ ចំណែក​មាន​ប្រពន្ធ​ឈ្មោះ នាង ពុន អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មក​រិ​នី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជ្រុំ​ត្បូង ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ សព្វថ្ងៃ​អ្នក​ទាំង​២​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា នាង​និង​ប្ដី​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​តែ​មួយ​ជាមួយ​គ្នា ហើយ​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ ប្ដី​នាង​ធ្វើការ​តែ​ពេល​ព្រឹក​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សុំ​ច្បាប់​ប្រធាន​ឈប់​កន្លះ​ថ្ងៃ ប៉ុន្តែ​នាង​មិន​បានដឹង​ថា ហេតុ​អ្វី​ទើប​ប្ដី​សុំ​ច្បាប់​ឈប់​កន្លះ​ថ្ងៃ​នោះ​ទេ ។ ចំណែក​រូប​នាង​បាន​ធ្វើការ​ថែម​ម៉ោង​ដល់​ម៉ោង​១០​យប់​ទើប​ចេញ ពេល​នោះ​ប្ដី​ក៏​បាន​ទៅ​ដឹក​នាង​ត្រលប់​មក​បន្ទប់​ជួល​វិញ បន្ទាប់​មក​បាន​ហូប​បាយ​ជុំ​គ្នា​ជា​ធម្មតា ហើយ​ប្ដី​នាង​បាន​ផឹកស្រា​បៀរ​អស់​១​កំប៉ុង រួច​ទើប​នាំ​គ្នា​ដេក ។

ស្ត្រី​រូប​នោះ​បាន​និយាយ​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា មិនឃើញ​ប្ដី​ក្រោក​ដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការ នាង​ក៏​បាន​ស្រែកហៅ​និង​ចាប់​អង្រួន​ដាស់​ប្ដី​ឲ្យ​ក្រោក ប៉ុន្តែ​ប្ដី​អត់​ឆ្លើយ​ហើយ​ខ្លួនប្រាណ​ទន់​ដូច​​ស្លាប់​បាត់​ទៅ​ហើយ ។ ខណៈនោះ​ដោយសារ​តែ​តែ​ខ្លួនប្រាណ​ប្ដី​នៅ​ក្ដៅ និង​ទន់​នៅឡើយ ទើប​ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ថា​ប្ដី​ស្លាប់​ទេ ក៏​បាន​សង្កត់​ទ្រូង​ប្ដី​ធ្វើ​ចលនា​សង្គ្រោះ​បឋម ប៉ុន្តែ​ទោះជា​នាង​ខំប្រឹង​យ៉ា​ណា ក៏​មិន​អាច​សង្គ្រោះ​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឲ្យ​រស់​ឡើង​វិញ​បាន​ដែរ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​មាន​មនុស្ស​ដេក​ស្លាប់​បែប​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​កាន់​ទីនោះ ។ បន្ទាប់​មក​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ។ ក្រោយ​ពេលធ្វើការ​ពិនិត្យ​រួចរាល់ នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា បុរស​នោះ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕