ប្រទេសចិន ៖ ក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុន បន្តភាពមិនស្គាល់ចាញ់ជាកំណត់ត្រា ១៣ ប្រកួតជាប់គ្នា ក្រោយវាយបកយកឈ្នះទម្លាក់ម្ចាស់ផ្ទះចិនពីពានរង្វាន់បាល់ទះអន្តរជាតិ FIVB Men’s Volleyball Nations League (VNL) ឆ្នាំ២០២៦ ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ដោយលទ្ធផល ៣-១ (២៣-២៥ ២៥-២៣ ២៥-១៦ និង ២៥-២៣) ដែលរៀបចំឡើងនៅទីក្រុងនីងបូ (Ningbo) ភាគឦសាន នៃខេត្តជឺជាំង (Zhejiang) កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។
ក្រុមចិនដែលឈរនៅចំណាត់ថ្នាក់លេខ ៣៥ ពិភពលោក បានបញ្ចប់នៅបាតតារាងវគ្គជម្រុះដំបូងជាមួយលទ្ធផលឈ្នះ ១ និងចាញ់ ១១ ប្រកួត ប៉ុន្តែបានឡើងមកវគ្គចាញ់ធ្លាក់នេះក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ ចំណែកជប៉ុនដែលជាក្រុមលេខ ៤ ពិភពលោក បានឈានចូលមកវគ្គដ៏សំខាន់នេះក្នុងនាមក្រុមកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ១២ ប្រកួតវគ្គជម្រុះដំបូង ឈ្នះទាំងអស់ ក្នុងនោះរួមទាំងការឈ្នះក្រុមលេខ ១ ពិភពលោក ប៉ូឡូញ ដោយលទ្ធផល ៣-២ ផងដែរ។
ចិនបានចាប់ផ្តើមការប្រកួតដ៏ល្អ ដោយបានដាក់សម្ពាធលើជប៉ុនតាមរយៈការវាយសេវាលឿនៗ និងការបាំងដ៏រឹងមាំ ដើម្បីយកឈ្នះក្នុងសិតទី១ ក្នុងលទ្ធផល ២៥-២៣។ ប៉ុន្តែអ្វីៗប្រែប្រួលភ្លាមៗ ដោយជប៉ុនបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនវាយបកយកឈ្នះ ៣ សិត យ៉ាងភ្ញាក់ផ្អើល ដើម្បីបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេលក្នុងថ្ងៃជាមួយគ្នានោះ ក្រុមស្លូវេនីក៏បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយយកឈ្នះលើតួកគីយ៉េដោយលទ្ធផល ៣-០។
តាមរយៈជ័យជម្នះនេះ ក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុនបានបង្កើតប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យ នៅក្នុងការប្រកួតពានរង្វាន់ VNL ដោយបានក្លាយក្រុមបុរសដំបូងគេបង្អស់ឈ្នះច្រើនប្រកួតជាប់គ្នា ពោល ១៣ ប្រកួត។ ក្រៅអំពីការឈ្នះច្រើនប្រកួតជាប់គ្នាហើយនោះ ក្រុមជប៉ុននៅក្នុងរដូវកាលឆ្នាំ ២០២៦ នេះ ក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយទៀតគឺ ការប្រកួតរហូតដល់សិតទី ៥ ចំនួន ៦ ប្រកួត ដោយនៅក្នុងនោះ ៥ ប្រកួតជាប់គ្នាជាការប្រកួតឈ្នះក្នុងសិតទី ៥ ជួយឱ្យពួកគេរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួន។
គូប្រកួតរបស់ជប៉ុនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវដឹងក្រោយចប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍រវាងអ៊ីតាលី និងសហរដ្ឋអាមេរិក។ ស្របពេលស្លូវេនីរង់ចាំអ៊ុតលទ្ធផលការប្រកួតរវាងប៉ូឡូញ និងអ៊ុយក្រែននៅល្ងាចថ្ងៃដដែល៕ ដកស្រង់ ៖ Volleyball World, China Daily និងប្រភពផ្សេងទៀត





ចែករំលែកព័តមាននេះ