ប្រើវិធានការដកហូតដីដែលគ្រួសារមួយសម្ងំកាន់កាប់ដោយខុសច្បាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិត ឯកភាពជាគោលការណ៍អនុញ្ញាតអោយរដ្ឋបាលខណ្ឌឫស្សីកែវប្រើវិធានការណ៍ ហាមឃាត់ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ ដែលបន្តគ្រប់គ្រងចាត់ចែងអាស្រ័យផលលើដីចំនួន ២ឡូតិ៍ និងដកហូតដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ដែលក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងខុសច្បាប់ ស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ ក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកមកប្រគល់ជូនប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធវិញ ។
លិខិតនោះត្រូវគេដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានចេញតាំង ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ត្រូវលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានបង្ហោះចែកចាយនៅក្នុងបណ្ដាញសង្គម នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦នេះ បន្ទាប់ពីលោកបានជួបប្រជុំដោះស្រាយជាមួយលោក ព្រំ បូរ និងគ្រួសារបរាជ័យ ។
តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នពេញបានអោយដឹងថា ករណីក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និង តាំង ហៃថាំង) គ្រប់គ្រងខុសច្បាប់លើដីទំហំ ២.២១៩,៧៩ ម៉ែត្រក្រឡា ជាន់ដីឡូតិ៍ស្ថិតនៅប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ៥៩៨ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពជាគោលការណ៍អនុញ្ញាតអោយរដ្ឋបាលខណ្ឌឫស្សីកែវអនុវត្ត ៖
១- ហាមឃាត់ ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ បន្តគ្រប់គ្រងចាត់ចែងអាស្រ័យផលលើដីចំនួន ២ឡូតិ៍ គឺដីឡូតិ៍លេខ៩ , ១១ ផ្លូវលេខ៥៩៨ ដែលនៅសល់ពីការអនុវត្តសាលដីកា លេខ ៣១២ (ផ) ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ របស់តុលាការកំពូល លុះត្រាតែឈ្មោះព្រំ បូរ និងក្រុមគ្រួសាររុះរើសំណង់ និងចាកចេញពីដីក្នុងប្លុកត្រីកោណដែលកាន់កាប់ដោយខុសច្បាប់ ។ បញ្ឈប់សកម្មភាពប្តឹងទាមទារដីបន្ថែមផ្ទុយពីខ្លឹមសារសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងព្រមទទួលយកដីចំនួន ២ឡូតិ៍ ខាងលើ ។
២- អនុញ្ញាតជាគោលការណ៍ក្នុងការអនុវត្តវិធានការ រដ្ឋបាលដើម្បីដកហូតដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ដែលក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងខុសច្បាប់ ស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ ក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ យកមកប្រគល់ជូនប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណាគេពុំដឹងថា អាជ្ញាធរ និងប្រើវិធានការចុះទៅរុះរើសំណង់ខាងលើនោះនៅថ្ងៃណានោះទេ?
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕











ចែករំលែកព័តមាននេះ