ទីក្រុងគូឡាឡាំពួ ៖ បណ្តាអ្នកវិភាគកាលពីថ្មីៗនេះ បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Bahrain Grand Prix ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ពិភពលោកឆ្នាំ ២០២៦ (F1 World Championship 2026) របស់ប្រទេសម៉ាឡេស៊ី នៅខែតុលាខាងមុខនេះ ត្រូវបានរំពឹងថានឹងផ្តល់ការជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងទៀត។
បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Berita Harian កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi បានថ្លែងឱ្យដឹងថា ការប្រកួតនេះ នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសជាតិនៅក្នុងរយៈពេលវែង ព្រោះចំនួនភ្ញៀវទេសចរកាន់តែច្រើន គួបផ្សំនិងការផ្សព្វផ្សាយជាសកលកាន់តែខ្លាំង នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់ប្រទេសម៉ាឡេស៊ី ហើយថែមទាំងលើកទឹកចិត្តដល់ការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកផ្សេងទៀតផងដែរ។
លោកបន្តទៀតថា ការចំណាយដ៏ច្រើនលើសលប់នៃការរៀបចំការប្រកួតនេះ ត្រូវបានរ៉ាប់រងដោយប្រទេសបារ៉ែន ផលចំណេញសេដ្ឋកិច្ចមិនមែនមានតែលើចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ដោយសារតែព្រឹត្តិការណ៍នេះ នឹងទទួលបានការផ្សាយចេញពីបណ្តាប្រព័ន្ធផ្សព្វផ្សាយពិភពលោកយ៉ាងទូលំទូលាយ និងទៅដល់អ្នកទស្សនារាប់ពាន់លាននាក់នៅជុំវិញពិភពលោក។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថាប័ន Formula 1 និងសហព័ន្ធកីឡាយានយន្តអន្តរជាតិ (FIA) បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Bahrain GP នៅទីលាន Sepang International Circuit (SIC) ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា ឆ្នាំ ២០២៦ ដោយផ្អែកលើកិច្ចព្រមព្រៀងចុងក្រោយ និងការអនុម័តផ្លូវការ រួមទាំងការចុះហត្ថលេខាពីក្រុមប្រឹក្សាកីឡាយានយន្តពិភពលោក (WMSC) ផងដែរ។
ការកែប្រែនេះ កើតឡើងជាការជំនួសតែម្តងគត់ សម្រាប់ការប្រកួត Bahrain GP នៃព្រឹត្តិការណ៍ F1 World Championship 2026 នៅប្រទេសបារ៉ែន ដែលត្រូវបានលុបចោល ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។
បណ្តាអ្នកវិភាគយល់ជើញថា ប្រទេសម៉ាឡេស៊ីគឺជាម្ចាស់ផ្ទះដ៏សក្តិសមមួយ សម្រាប់ការប្រកួតនេះ ដោយសារតែទីលាន SIC ធ្លាប់ត្រូវបានជ្រើសរើសជាកន្លែងប្រកួត F1 ចំនួន ១៩ ដងរួចមកហើយ ពោលចន្លោះឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៧។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ F1 World Championship 2026 ចាប់ផ្តើមតាំងពីថ្ងៃទី៨ ខែមីនា និងគ្រោងបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ។ ឆ្លងកាត់ការប្រកួត ១១ Grands Prix កន្លងទៅ នៅក្នុងចំណោមសរុប ២៣ Grands Prix កីឡាករអ៊ីតាលី Kimi Antonelli ដែលបើកឱ្យក្រុមហ៊ុន Mercedes កំពុងតែឈរនៅកំពូលតារាងបណ្តោះអាសន្នដោយមាន ២១៩ពិន្ទុ តាមពីក្រោយដោយកីឡាករសញ្ជាតិអង់គ្លេស Sir Lewis Hamilton បើកឱ្យក្រុមហ៊ុន Ferrari ដែលមាន ១៦៩ ពិន្ទុ៕ ប្រភព ៖ VnExpress




ចែករំលែកព័តមាននេះ