ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​ដង្កោ​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន៥នាក់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​៥​នាក់​ត្រូវ​​ប៉ូលិស​នៃ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដង្កោ ដឹក​នាំ​ដោយ​លោក​អធិ​ការ​ ប៊ន សំអាត ​​ចាប់​ខ្លួន​បាន​នៅ​កន្លែង​២​ផ្សេង​គ្នា ព្រម​ទាំង​ដក​ហូត​​ថ្នាំ​ញៀន​​មួយ​ចំនួន។ សកម្ម​ភាព​ចាប់​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​​នោះ​​ លើក​ទី១​ចាប់​បាន​២​នាក់ កាល​ពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១១ នៅ​ចំណុច​ជាប់​របង​សណ្ឋា​គារ​ភ្នំពេញ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ។ ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​ និង​ចែក​ចាយ​គ្រឿង​ញៀន​នោះ កម្លាំង​ប៉ូលិស​ខណ្ឌ​ដង្កោ​បាន​សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​ខណ្ឌ​ដូន​ពេញ និង​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ជន​សង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ ម្នាក់​ឈ្មោះ​យ៉ាន សុភ័ក្ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​១ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ប្ញស្សី​កែវ និង​ម្នាក់​ទៀត​ឈ្មោះ​ញ៉ឹក ចាន់​សុថៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​រស់​ទីលំនៅ​ផ្ទះ​លេខ​២៣A ផ្លូវ​លេខ​៩៣ ក្រុម​ទី​៧៧ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ។ ​ក្នុង​ពេល​ចាប់​ខ្លួន​នោះ សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំ​​ញៀន​គ្រាប់​ពណ៌​ផ្កា​ឈូក មាន​អក្សរ WY ចំនួន​៩​គ្រាប់​ ម៉ូតូ​ម៉ាក Citi C100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​​ព្រៃ​វែង 1A-1929 ​ម្សៅ​ក្រាម​ពណ៌​ស​១០​កញ្ចប់ ម្សៅ​ម៉ដ្ឋ​ពណ៌​ស១​កញ្ចប់​តូច ​និង​ឧបករណ៍​សម្រាប់​ជក់​១​​សំរាប់។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ការ​ចាប់​ជន​សង្ស័យ​​ទាំង​នោះ​ ព្រម​ទាំង​ដក​ហូត​បាន​វត្ថុ​តាង​ គឺ​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​អធិ​ការ​ ប៊ន សំអាត។ វត្ថុ​តាង​​ និង​ជន​ទាំង​២​នាក់​​នោះ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ។ ដោយ​ឡែក​ការ​បង្ក្រាប​លើក​ទី២ ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ មីនា នៅ​​ផ្ទះ​លេខ​១៥ ក្រុម​ទី១ ភូមិ​ថ្ម​គោល​ទី១ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ។ ក្នុង​ខណៈ​នោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិ​ការ ប៊ន សំអាត បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​២​នាក់ និង​ស្ត្រី​​ម្នាក់ ព្រម​ទាំង​ដក​ហូត​បាន​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​ប្រភេទ​ម៉ាក​ទឹក​កក​១​កញ្ចប់ និង​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​ប្រភេទ​យ៉ាម៉ា​១​គ្រាប់ ដែល​ជន​ទាំង​នោះ​កំពុង​​ចែក​ចាយ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​​ខ្លួន​ ១-​ឈ្មោះ​ជា ងួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​រស់​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ, ២-​ញ៉ែម ស្រី​យុត ភេទ​ស្រី អាយុ​៣៤​​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង ស្រុក​ស្រែក​អំបិល ខេត្ត​កោះ​កុង និង​៣-​ឈ្មោះ​ម៉ក់ ស៊ីម៉ន ​រស់​នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​កើត​ហេតុ​។ ប៉ូលិស​និយាយ​ថា នៅ​​ពេល​​សមត្ថ​កិច្ច​ចេញ​ល្បាត​ពួន​ស្ទាក់​បទ​ល្មើស​នានា​ ​មាន​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ថា មាន​ជន​សង្ស័យ​កំពុង​ចែក​ចាយ​ថ្នាំ​ញៀន។ ភ្លាម​នោះ​កម្លាំង​ប៉ូលិស​​បាន​​ទៅ​ឃាត់​ខ្លួន​​ជន​​សង្ស័យ​បាន​៣​នាក់ ឯម្នាក់​ទៀត​គេច​ខ្លួន​បាត់។ ​ជន​សង្ស័យ​ទាំង​​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ៕