ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម៉ូតូ​ស្ព័​រ​ឆ្នើម​កម្ពុជា​ឈឹ​ម ពិសិដ្ឋ ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ម៉ា​ឡេ​ស៊ី

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត និង​ឆ​ន្ទះ​ដ៏​មោះមុត​របស់​កីឡាករ​ប្រណាំង​ម៉ូតូ​ឆ្នើម​កម្ពុជា​ឈឹ​ម ពិសិដ្ឋ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​វាលរាប ថ្នាក់​អន្តរជាតិ​ធំ​ជាងគេ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​(Malaysia Superbike Champion)​ជុំ​ទី​៣ ឆ្នាំ​២០២៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ ។

កីឡាករ ឈឹ​ម ពិសិដ្ឋ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ថា ការ​ប្រកួត​លើក​នេះ ខុស​សព្វដង​ដែល​ខ្លួន​បាន​ទៅ​ចូលរួម​ប្រកួត​លើក​មុន​ៗគឺជា​ការ​ប្រកួតប្រណាំង​កម្រិត​ខ្ពស់​ដែល​មាន​កម្លាំង​ម៉ូតូ​1000cc ទន្ទឹម​គណៈកម្មការ​បាន​វាយតម្លៃ​គុណ​ផល​កីឡាករ​កម្ពុជា ធ្លាប់​ធ្វើ​បាន​ល្អ​លើ​ម៉ូតូ​ដែល​មាន​កម្លាំង​600cc​កាលពី​ឆ្នាំ​មុន​។

ការ​ដំឡើង​កម្លាំង​ម៉ូតូ​កម្រិត​ខ្ពស់​បែប​នេះ គឺជា​បទពិសោធន៍​ថ្មី​មួយ ហើយ​ព្រឹត្តិការណ៍​ដែល​ប្រជុំ​ដោយកំពូល​អ្នក​ប្រណាំង​ម៉ូតូ​ខ្លាំង​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កីឡាករ​អាជីព​មក​ពី​ក្នុង​ទ្វីប​លើក​នេះ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​ជំរុញ​ឱ្យ​លោក​ផ្ដោត​លើ​ការ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង ជា​ពិសេស​ការ​ប្រើប្រាស់​បច្ចេកទេស​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ និង​ឆ​ន្ទះ​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​គម្លាត​ពី​គូប្រជែងមិន​ឱ្យ​ដាច់​ឆ្ងាយ​ពេក ទោះបី​កន្លង​មក​ខ្លួន​មិនសូវ​មានឱកាស​ហាត់​ហ្វឹកហ្វឺន​លើ​ទីលាន​ស្តង់ដា​អន្តរជាតិ​ក្ដី​។

សមាជិក​ក្លិប​Mekong motorcycle Club​ដដែល​បាន​សង្កត់ធ្ងន់​ថា ការ​ចូលរួម​នេះ​គឺជា​មោទនភាព​មួយ​ក្នុង​នាម​ជា​កីឡាករ​តំណាង​ជាតិ ដោយសារ​រាល់​ការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ម្ដង​ៗ តែងតែ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ចូលរួម​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​ថា កម្ពុជា​ក៏​មាន​កីឡាករ​ប្រណាំង​ម៉ូតូ​Superbike​ចូលរួម​ដែរ​។​នេះ​គឺជា​កម្លាំងចិត្ត​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ខិតខំ​ហ្វឹកហាត់​ដើម្បី​មានឱកាស​បាន​ចូលរួម​ប្រកួត​។

លោក ខៃ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ទោះបី​បានដឹង​ពី​កម្រិត​សមត្ថភាព​កីឡាករ​កម្ពុជា ។ ចំពោះ​ការ​តាំងចិត្ត​មិន​ធ្វើ​ឱ្យ​មាន​គម្លាត​ឆ្ងាយ​ពី​គូប្រជែង​ខ្លាំង​ពេក ជា​ពិសេស​ជាមួយ​គូប្រជែង​ខ្លាំង​ៗ​ដែល​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ឡើយ ។ លោក​សង្ឃឹមថា កីឡាករ ឈឹ​ម ពិសិដ្ឋ អាច​ធ្វើ​បាន និង​ទទួល​បាន​លើស​ពី​បទ​ពិសោធន៍​ក្នុង​ការ​បោះ​ជំហាន​ថ្មី​ឈាន​ទៅ​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​បន្ទាប់​ទៅ​ថ្ងៃ​អនាគត ៕