ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចេះ៖ បង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់១កន្លែង ក្នុងតំបន់ព្រៃឡង់ ខណៈជនសង្ស័យរត់គេចខ្លួនបាត់

3 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម​ៗ​ពី​បណ្តាញសារព័ត៌មាន មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ បានបើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​សកម្មភាព​រុករក​រ៉ែ​មាស​ដោយ​ខុសច្បាប់ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ​។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ​ឆ្នាំ​២០២៦​ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ គា ប៊ូ​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ ។

ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ បន្ទាប់​ពី​បាន​ធ្វើការ​រុករក និង​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុ​ច​ គោលដៅត្រង់​ចំណុច​ថ្ម​ពួយ (​និយាម​កា 572899-1429880) ស្ថិត​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ (​តំបន់​ជើងភ្នំ​ជី ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តកំពង់ធំ​) ។

យោង​តាម​ការ​អោយ​ដឹង​ថា ​ប្រតិបត្តិការ​នោះ​​ក្រុមការងារ​បាន​រក​ឃើញ​ស្លាកស្នាម​ជីក​កាយ និង​ខួង​រុករក​រ៉ែ​មាស​ចំនួន​០១​កន្លែង​ ។​ រោង​ស្នាក់​នៅ​ប្រក់​តង់​កៅស៊ូ ចំនួន​០១​ខ្នង ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោ​ល ដោយ​បន្សល់​ទុក​តែ​សម្ភារ និង​រោង​ស្នាក់​នៅ​ ។ ក្រោយ​សកម្មភាព​ប្រតិ​បត្តិការ​កម្លាំង​ឧ​ទ្យា​នុ​រក្ស​បានសម្រេច​រុះរើ និង​ដុត​បំផ្លាញ​ចោល​វត្ថុ​តាង​ទាំងនោះ​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​។

ជាមួយ​គ្នា​នេះ​ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បាន​សង្កត់ធ្ងន់​ថា ទោះបីជា​ក្រុម​ជនល្មើស​បាន​រត់គេច​ខ្លួន​ជា​បណ្តោះ​អាសន្ន​ក៏​ដោយ លោក​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ឱ្យ​បន្ត​ការ​ស្រាវជ្រាវ និង​បង្កើន​ការ​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​ឱ្យ​បាន ១០០% នៅ​ក្នុង​ដែន​សមត្ថកិច្ច​។

បច្ចុប្បន្ន មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ កំពុង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ក្តាប់​ព័​ត៌មាន និង​កំណត់​មុខសញ្ញា​ជនល្មើស ក្នុង​គោលបំណង​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន និង​ធានា​ថា ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ត្រូវ​បានការ​ពារ​យ៉ាង​ម៉ត់ចត់​បំផុត​ ៕