ទីក្រុងរ៉ង់ហ្គូន៖ ទូក២គ្រឿងដែលដឹកមនុស្សជាង៥រយនាក់កំពុងបើកនៅលើឆ្នេរសមុទ្រប្រទេសមីយ៉ាន់ម៉ាសុខៗស្រាប់តែលិចទៅក្នុងទឹក។ គេមិនទាន់ដឹងអំពីជោគវាសនារបស់អ្នកទាំងនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ហេតុការណ៍នេះកើតឡើងចំពេលដែលមនុស្សបន្តភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសារសង្គ្រាមដោយធ្វើដំណើរទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ដើម្បីស្វះស្វែងរកសុវត្ថិភាព និងជីវិតរស់នៅកាន់តែប្រសើរជាងនេះ។

ទូកទាំង២គ្រឿងនោះបានចេញដំណើរពីរដ្ឋរ៉ាក់ខាញ (Rakhine) ប្រទេសមីយ៉ាន់ម៉ា ដោយពាំនាំទៅជាមួយនូវជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ក្នុងនោះ រ៉ូហ៊ីងយ៉ាខ្លះជាអ្នករស់នៅជំរំជនភៀសខ្លួននៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដែលដកស្រង់ព័ត៌មានបឋមដែលពួកគេទើបតែទទួលបាន។ សេចក្ដីប្រកាសនោះសម្ដែងការព្រួយបារម្ភថាមនុស្សជាង៥រយនាក់ប្រហែលជាបានស្លាប់នៅក្នុងហេតុការណ៍នោះ។

អង្គការ UNHCR និង IOM យល់ថាថ្វីដ្បិតហេតុការណ៍លិចទូក និងចំនួនអ្នកស្លាប់ប៉ុន្មាននាក់មិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការ ប៉ុន្តែស្ថាប័នទាំង២ព្រួយបារម្ភយ៉ាងខ្លាំងថាប្រសិនបើរឿងនេះជាការពិតមែន វាជាការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួករ៉ូហ៊ីងយ៉ាជួបការលំបាក បើរស់នៅមីយ៉ាន់ម៉ាត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។ បើរស់នៅជំរំជនភៀសខ្លួនឯប្រទេសបង់ក្លាដែសក៏មិនដឹងរំពឹងអ្វី មិនដឹងរកស៊ីអ្វី ហើយជីវិតរស់នៅកកស្រទាប់លើគ្នា។ ម៉្លោះហើយ ពួកគេចេះតែឆ្លៀតឱកាសរត់ភៀសខ្លួនទៅប្រទេសដទៃទៀតដូចជាម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងថៃជាដើមដោយជិះទូកតូចៗដាក់លើសចំណុះ។ ដូច្នេះ ឃើញថាការធ្វើដំណើរបែបនេះពោរពេញដោយគ្រោះថ្នាក់ណាស់។

កាលពីឆ្នាំមុន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត៩រយនាក់បានស្លាប់ ឬបាត់ខ្លួនរហូតមកដល់សព្វថ្ងៃនៅពេលពួកគេធ្វើដំណើរនៅលើសមុទ្រអាន់ដាម៉ាន់ (Andaman) និងឆកសមុទ្របេងហ្កាល់ (Bengal) ហើយធ្វើឱ្យទីនេះក្លាយជាច្រកទឹកដែលផ្ដាច់ផ្ដិលជីវិតជនភៀសខ្លួន និងជនចំណាកស្រុកច្រើនបំផុត។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះ ទូកទីមួយដឹកមនុស្សប្រហែល២៥០នាក់បានបាត់ដំណឹងសូន្យឈឹងតែម្ដងបន្ទាប់ពីចាកចេញដំណើរបានតែបន្តិចប៉ុណ្ណោះ។ ចំណែកទូកទីពីរដឹកមនុស្សប្រហែល២៨០នាក់ត្រូវគេជឿជាក់ថាបានលិចនៅក្បែរទន្លេអ៊ីរ៉ាវ៉ាឌី (Irrawaddy) នៃប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ