លោកអភិបាលខេត្ត ដាក់បញ្ជាឱ្យរុះរើស្លាកយីហោ បរទេសខុសច្បាប់ និងស្លាកបង្កប់វ៉េបសាយហ្គេមអនឡាញ ក្នុងភូមិសាស្ត្រក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងបានដាក់បញ្ជា ឲ្យក្រុមការងារចម្រុះចុះត្រួតពិនិត្យអគារកាស៊ីណូនិងហាងនានាដែលបានលើកស្លាកយីហោ ដោយខុសច្បាប់និងស្លាកយីហោបង្កប់វើបសាយហ្គេមអនឡាញនៅក្នុងភូមិសាស្ត្រក្រុងបាវិត។បើតតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះរុះរើស្លាកយីហោ សរសេរជាភាសាបរទេសដោយខុសច្បាប់នេះគឺអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និង រដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យផ្ទាល់លើការដាក់ស្លាកយីហោអាជីវកម្មនានា ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ច្បាប់អនុញ្ញាត និង ការបង្កប់ស្លាកផ្សព្វផ្សាយខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងបាវិត កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ ថ្មីៗ នេះ។
ក្នុងដំណើរការចុះត្រួតពិនិត្យលើស្លាកយីហោនេះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងក្រុងបាវិត មន្ត្រីសាលាក្រុងបាវិត និង អាជ្ញាធរពាក់ព័ន្ធ ផងដែរ។ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនេះ ក្រុមការងារចម្រុះ បានរកឃើញស្លាកយីហោមួយចំនួនធំមានការសរសេរអក្សរបរទេសខុសទម្រង់ច្បាប់ ដោយទំហំអក្សរបរទេសធំជាងអក្សរខ្មែរ ឬ គ្មានអក្សរខ្មែរទាល់តែសោះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានទីតាំងមួយចំនួនបានលួចលាក់លើកស្លាកយីហោបង្កប់វេបសាយល្បែងស៊ីសង (ហ្គេមអនឡាញ) ខុសច្បាប់ ដែលជាទង្វើល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។លោក ម៉ែន អេង បានសង្កត់ធ្ងន់ និង ដាស់តឿនយ៉ាងម៉ឺងម៉ាត់ ជុំវិញទិដ្ឋភាពច្បាប់ នៃការដាក់ស្លាកយីហោអាជីវកម្ម។ លោកបញ្ជាក់ថា រាល់ការដាក់ស្លាកយីហោទាំងអស់ ត្រូវតែគោរពតាមច្បាប់កំណត់ ដោយអក្សរខ្មែរត្រូវតែនៅខាងលើ និង មានទំហំធំជាងអក្សរបរទេស ហើយការសរសេរអក្ខរាវិរុទ្ធភាសាខ្មែរ ត្រូវតែត្រឹមត្រូវតាមវចនានុក្រមខ្មែរ។
លោកបន្ថែមថា រដ្ឋបាលខេត្ត មិនអនុញ្ញាតដាច់ខាតរាល់ការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ទម្រង់ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។កិច្ចប្រតិបត្តិការនេះ ក្រុមការងារចម្រុះខេត្ត និង ក្រុង បានដាក់ការណែនាំយ៉ាងតឹងរ៉ឹងដល់ម្ចាស់ទីតាំងកាស៊ីណូ និង តំណាងក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់ ដូចខាងក្រោម ៖ ១.ត្រូវតែធ្វើការរុះរើជាបន្ទាន់ រាល់ស្លាកយីហោទាំងឡាយណាដែលមានបង្កប់វេបសាយអនឡាញខុសច្បាប់។ ២.ត្រូវកែសម្រួលឡើងវិញនូវរាល់ស្លាកយីហោដែលពុំមានសរសេរភាសាខ្មែរ ឬ អក្សរបរទេសទំហំធំជាងអក្សរខ្មែរ។ ៣.ទុករយៈពេលកំណត់ ឱសានវាទ តែមួយសប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឲ្យម្ចាស់ទីតាំងទាំងអស់ធ្វើការរុះរើ និង កែប្រែដោយស្ម័គ្រចិត្ត។
រដ្ឋបាលខេត្តស្វាយរៀង បានព្រមានទុកជាមុនថា ក្នុងករណីហួសកាលកំណត់រយៈពេលមួយសប្តាហ៍នេះ ហើយម្ចាស់ទីតាំងកាស៊ីណូ ឬ ក្រុមហ៊ុនណា នៅតែរឹងរូសមិនអនុវត្តតាមការណែនាំ ក្រុមការងារចម្រុះ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើដោយបង្ខំ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិឡើយ ហើយម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ក្រោយពេលដាក់ឱសានុវាទរយៈពេល៣ថ្ងៃមកដល់ថ្ងៃទី៩កក្កដា២០២៦នេះយើងឃើញក្រុមហ៊ុនមួយចំនួនបានរុះរើស្លាកយីហោ ដែលជាអក្សរបរទេសចេញបណ្តើរៗហើយ ៕














ចែករំលែកព័តមាននេះ