ខេត្តសៀមរាប ៖ អង្គការបោសសម្អាតមីនស្វ័យជំនួយកម្ពុជា (CSHD) បានប្រកាសឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានចុះអន្តរាគមន៍ កម្ទេចចោលនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ០៦គ្រាប់ ជាបន្ទាន់ ក្រោយរកឃើញនៅក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្វាយលើ ។

ជាក់ស្តែងអង្គការបោសសម្អាតមីនស្វ័យជំនួយកម្ពុជា បានប្រកាសនាថ្ងៃទី០៩ ខែកក្កដានេះថា ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល នៅក្បែរផ្ទះប្រជាពលរដ្ឋ ។

អង្គការបោសសម្អាតមីនស្វ័យជំនួយកម្ពុជាបានបន្តថា ក្រោយទទួលបានការរាយការណ៍ពីកងកម្លាំងនគរបាល ក្រុមការងារ EOD 2 បានចុះទៅដល់ទីតាំងដីភូមិមួយកន្លែង ស្ថិតក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបានរកឃើញសំណល់ជាតិផ្ទុះពីសង្គ្រាមចម្រុះប្រភេទ រួមមានគ្រាប់កាំភ្លើងផ្លោង គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់បែកដៃ សរុបចំនួន០៦គ្រាប់ ។
ជាមួយគ្នានោះដែរ ដោយសារគ្រាប់ទាំងនេះ ត្រូវបានរកឃើញនៅក្បែរផ្ទះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសកុមារតូចៗ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ។ ប្រសិនបើប្រទះឃើញវត្ថុអ្វីដែលសង្ស័យ សូមកុំប៉ះពាល់ ដំ ឬដុតវាឱ្យសោះ និងត្រូវរាយការណ៍ជាបន្ទាន់ ៕

ចែករំលែកព័តមាននេះ