ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ៥​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​៨៨​ ទីតាំង

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​វៀតណាម​ចំនួន ៥​នាក់​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ឆែកឆេរ តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​ចំនួន​៨៨​ទីតាំង​។​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​នេះ​ព្រមទាំង​ដកហូត​សម្ភារៈ​មួយ​ចំនួនដោយ សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ត្រួតពិនិត្យ​ឆែកឆេរ​សរុប​ចំនួន​៨៨​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ២៥២​នាក់ (​ស្រី ៨៤​នាក់​) មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

ក្នុង​នោះ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​នៅ​ខុ​ដូរ R&F អគារ A-5 ជាន់​ទី​២៧ បន្ទប់​លេខ ២៧០៨ ស្ថិត​នៅ​ផ្លូវ 60​ម៉ែត្រ ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់​អង្រែ​លើ ដោយ​បាន​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន​០៥​នាក់ ជា​ជនជាតិ​វៀតណាម និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​។ តាម​ការ​សន្និដ្ឋាន​បឋម​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត សម្ភារៈ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ និង​បាន​បិទ​ឃ្លុំ បន្ទប់​នោះ​បណ្តោះអាសន្ន​៕​