អភិបាលស្រុកអង្គរបូរី ចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម «ទូកស្មាច់» នៅខេត្តតាកែវ និងអំពាវនាវឱ្យពលរដ្ឋជួយគាំទ្រស្នាដៃកូនខ្មែរ
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់សិប្បកម្មផលិតទូកស្មាច់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
លោក កង អាណាន់ អភិបាលស្រុក បានសម្តែងនូវការកោតសរសើរ បង្ហាញការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់ម្ចាស់សិប្បកម្ម ដែលជាកូនខ្មែរផ្ទាល់ ក្នុងការបង្កើតអាជីវកម្មនេះឡើង។ លោកអភិបាលស្រុកអង្គរបូរី ក៏បានជំរុញឱ្យម្ចាស់សិប្បកម្មបន្តអភិវឌ្ឍន៍ជំនាញឱ្យកាន់ តែផុសផុលបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សាគុណភាព និងសុវត្ថិភាព នៃផលិតផលរបស់ខ្លួន ដើម្បីអាចពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុន។
លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ឱ្យបន្តចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលដែលជាស្នាដៃរបស់កូនខ្មែរឱ្យបានកាន់តែច្រើនឡើង។ ព្រោះការចូលរួមគាំទ្រនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ព្រមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។
ម្ចាស់សិប្បកម្មផលិតទូកស្មាច់ខាងលើបានឱ្យដឹងថា ជាមធ្យមសិប្បកម្មរបស់លោកអាចផលិត និងលក់ទូកចេញបានប្រមាណ ៦០គ្រឿង ក្នុងមួយខែ ដែលផលិតផលទាំងអស់នេះគឺសុទ្ធសឹងតែជាស្នាដៃច្នៃប្រឌិត និងផលិតដោយកូនខ្មែរពិតៗ ។ហើយអាចលក់ក្នុង១គ្រឿងបានតម្លៃ ចន្លោះចាប់ពី ៨០០,០០០រៀល ទៅ ២,៣០០,០០០ រៀល ក្រៅពីការផលិតសម្រាប់ដាក់លក់ប្រចាំថ្ងៃ សិប្បកម្មក៏មានការទទួលធ្វើតាមការកម្ម៉ង់ ទៅតាមតម្រូវការ និងទំហំដែលអតិថិជនចង់បានផងដែរ៕






ចែករំលែកព័តមាននេះ