ខេត្តត្បូងឃ្មុំ ៖ គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង រកឃើញជនបរទេសស្នាក់នៅចំនួន ២១នាក់ ។ នេះបើយោងតាមផេករដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសនាថ្ងៃទី៨ ខែកក្កដានេះ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តថា ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ និងត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការរវាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ), កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។
ជាលទ្ធផល នៅក្នុងទីតាំងអគារស្នាក់នៅបន្ទប់ជួល ១ខ្នង ដែលមាន ១៣បន្ទប់នោះ សមត្ថកិច្ចបានរកឃើញ ជនជាតិបរទេសស្នាក់នៅ សរុបចំនួន២១នាក់ (ក្នុងនោះមានស្ត្រី០៨នាក់) រួមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន ។

បច្ចុប្បន្ន ជនបរទេសទាំង២១នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ។ ចំពោះទិសដៅបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បាន និងកំពុងបន្តយុទ្ធនាការដុតដៃដុតជើង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងសង្ស័យផ្សេងៗទៀត ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស ឬការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅទូទាំងក្រុង-ស្រុកទាំង០៧ ក្នុងភូមិសាស្ត្រខេត្ត ។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕







ចែករំលែកព័តមាននេះ