ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​បិទ​បញ្ចប់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​គ្រប់​យ៉ាង​ជា​មួយ​អេស្ប៉ាញ​ព្រោះ​ខឹង​អេស្ប៉ាញ​ចូល​ចិត្ត​ខ្ទាស់​អាមេរិក​ជា​និច្ច​

2 ថ្ងៃ មុន

ទី​ក្រុង​អង់​ការ៉ា៖ លោក​ដូណាល់​ត្រាំ​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ដែល​រៀប​ចំ​នៅ​ទី​ក្រុង​អង់​ការ៉ា ប្រទេស​តួក​គី​។ លោក​ថា​អាមេរិក​ត្រូវ​តែ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​អេស្ប៉ាញ ហើយ​លោក​ទាម​ទារ​ជា​ថ្មី​នូវ​កោះ​ហ្គ្រីន​លែន​។ ដូច្នេះ ​ភាព​តាន​តឹង​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​រវាង​អាមេរិក និង​ដាណឺម៉ាក​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​​កោះ​នេះ​។ ​ត្រាំ​ចាត់​ទុក​អេស្ប៉ាញ​ជា​ដៃ​គូ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​អង្គ​ការណាតូ​។ លោក​ថ្លែង​ដូច្នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​វាយ​ប្រហារ​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​មិន​ព្រម​ជួយ​ជ្រោម​ជ្រែង​អាមេរិក​នៅ​ក្នុង​សង្គ្រាម​​​អ៊ីរ៉ង់​។ លោក​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក​ផ្អាក​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ទាំង​ស្រុង​ជា​មួយ​អេស្ប៉ាញ​។

​លោក​ថ្លែង​ដូច​ខាង​លើ​នេះ​ទន្ទឹម​នឹង​ការ​ចេញ​សេចក្ដី​ប្រកាស​​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​អ៊ីរ៉ង់​។ លោក​ថា​កិច្ច​ព្រម​ព្រៀង​បណ្ដោះ​អាសន្ន ឬ​អនុស្សារណៈ​យោគ​យល់​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ ពាក្យ​សម្ដី​របស់​លោក​ជា​ផ្ទាំង​ពពក​ខ្មៅ​តាម​រំខាន​សេចក្ដី​សង្ឃឹម​របស់​ថ្នាក់​ដឹក​នាំអឺរ៉ុប​ដែល​ចង់​យក​វេទិកា​ជួប​ជុំ​គ្នា​លើក​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​ឯក​ភាព​ផ្ទៃ​ក្នុង​​, ការ​បន្ត​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែន​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​អង្គ​ការ​ណា​តូ​។

លោក​ត្រាំ​ប្រកាស​នៅ​ក្នុង​អង្គ​ប្រជុំ​ណាតូ​ថា​បើ​បន្ត​ទាក់​ទង​ជា​មួយ​អេស្ប៉ាញ​ទៀត​នាំ​ឱ្យ​​ខ្ជះ​​ខ្ជាយ​ពេល​វេលា​ឥត​ប្រយោជន៍​។ យើង​មិន​ត្រូវ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​អេស្ប៉ាញ​ត​ទៅ​ទៀត​ទេ​។ ដូច្នេះ លោក​ចង់​កាត់​ផ្ដាច់​ទំនាក់​ទំនង​នេះចោល​តែ​ម្ដង​​។ អេស្ប៉ាញ​ជា​ដៃ​គូ​ដ៏​អាក្រក់​នៅ​ក្នុង​អង្គ​ការ​ណាតូ​។ ពួក​គេ​មិន​ចូល​រួម​ជា​មួយ​យើង (អាមេរិក​) ទេ​, ពួក​គេ​មិន​ព្រម​បង់​ថ្លៃ​វិភាគ​ទាន​ទេ​។ លោក​លែង​ចង់​រវី​រវល់​ជា​មួយ​អេ​ស្ប៉ាញ​ត​ទៅ​ទៀត​ហើយ​។ លោក​បញ្ជា​ឱ្យ​​កាត់​ផ្ដាច់​រាល់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​គ្រប់​យ៉ាង​ រួម​ទាំង​ដំណើរ​ទស្សន​កិច្ច​ផ្សេង​ៗ​ផង​ដែរ​។

លោក​ត្រាំ​ថ្លែង​ដូច្នេះ​នៅ​ចំពោះ​មុខ​អគ្គ​លេខា​ធិការ​អង្គ​ការណាតូ​ លោក​ម៉ាក​រូត​ថឺ (Mark Rutte) ដែល​តែង​តែ​ព្យាយាម​និយាយ​សម្រប​សម្រួល​មិន​ឱ្យ​លោក​ត្រាំ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ពាក់​ព័ន្ធ​នឹង​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​នៅ​ក្នុង​អង្គ​ការ​នេះ​ រួម​ទាំង​បញ្ហា​អ៊ីរ៉ង់ និង​កោះ​ហ្គ្រីន​លែន​។ ប្រភព​ដែល​បាន​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​ច្បាស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​និយាយដូច​ខាង​លើ​នេះ​តែ​ម្ដង​ប៉ុណ្ណោះ​ ហើយ​លោក​លែង​និយាយ​រឿង​នេះ​ត​ទៅ​ទៀត​​​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ចង់​បន្ត​រួម​រស់​ជា​មួយ​​អង្គ​ការ​ណាតូ​ជា​បន្ត​ទៀត​។ លោក​ថា​យើង​ចង់​ស្ថិត​នៅ​ជា​មួយ​អ្នក​ (នៅ​ក្នុង​អង្គ​ការ​ណាតូ) ។

អាមេរិក និង​អេស្ប៉ាញ​មាន​បញ្ហា​រកាំ​រកូស​នឹង​គ្នា​មិន​មែន​ទើប​តែ​ពេល​នេះទេ​ ប៉ុន្តែ​ចាប់​តាំង​ពី​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​ថ្មី​ លោក​សាន​ឆេស​ ឡើង​មក​កាន់​អំណាច​។ អេស្ប៉ាញ​ជំទាស់​នឹងត្រាំ​ដែល​ទាម​ទារ​​ឱ្យ​អឺរ៉ុប​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អាមេរិក​។ មិន​តែ​ប៉ុណ្ណោះ អេស្ប៉ាញ​មិន​អនុញ្ញាត​ឱ្យ​យោធា​អាមេរិក​ប្រើ​ប្រាស់​ដែន​អាកាស​របស់​ខ្លួន ឬ​មូល​ដ្ឋាន​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់​ទេ​។ ប្រតិ​កម្ម​ចំពោះ​ពាក្យ​សម្ដី​របស់​ត្រាំ​ថ្ងៃ​នេះ ខុទ្ទ​កាល័យ​របស់​លោក​ប៉េ​ដ្រូ សាន់​ឆេស ចាត់​ទុក​ថា​នោះ​ជា​រឿង​ធម្ម​តា​តែ​ប៉ុណ្ណោះ គ្មាន​អ្វី​ប្លែក​ទេ​ ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ធ្វើ​ឱ្យ​ចំណេញ​ប្រទេស​ទាំង​សង​ខាង​​​៕ ប្រភព៖ Reuters​