ទីក្រុងដាម៉ាស់៖ ថ្ងៃនេះ ចំពេលដែលលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី គ្រាប់បែក២គ្រាប់បានផ្ទុះឡើងផ្ទួនៗគ្នានៅក្បែរសណ្ឋាគារមួយកន្លែងដែលលោកបានសម្រាកយកកម្លាំងកាលពីយប់មិញ។ ហេតុការណ៍នោះ បណ្ដាលឱ្យមនុស្ស១៨នាក់រងរបួស ហើយវាបានក្លាយជាផ្ទាំងពពកខ្មៅតាមរំខានដំណើរទស្សនកិច្ចទី១របស់ប្រមុខដឹកនាំនៅសហភាពអឺរ៉ុបទៅកាន់ប្រ ទេសស៊ីរី។

លោកម៉ាក្រុង និងក្បួនរថយន្តអមដំណើររបស់លោកបានចាកចេញផុតពីសណ្ឋាគារនោះត្រឹមតែបន្តិចប៉ុណ្ណោះមុនពេលហេតុការណ៍ផ្ទុះគ្រាប់បែកនោះកើតឡើង។ ទោះជាមានព្រឹត្តិការណ៍រន្ធត់បែបនេះក្ដី លោកម៉ាក្រុងមិនព្រឺព្រួចចំពោះរឿងនេះឡើយ, លោកនៅតែបន្តដំណើរទស្សនកិច្ចដូចធម្មតា។ លោកបានជួបជាមួយមេដឹកនាំស៊ីរីនៅវិមានប្រធានាធិបតី។ ខុទ្ទកាល័យរបស់លោកម៉ាក្រុងបញ្ជាក់ថានៅពេលផ្ទុះគ្រាប់បែកនោះ លោកម៉ាក្រុងមិនបានស្ដាប់ឮសំឡេងផ្ទុះនោះទាល់តែសោះ។

ដូច្នេះ វាហាក់ដូចជាគ្មានអ្វីកើតឡើងដូច្នោះដែរ។ ក៏ប៉ុន្តែការវាយប្រហារនេះឆ្លុះបញ្ចាំងថារដ្ឋាភិបាលស៊ីរីថ្មីនៅតែមិនទាន់រៀបចំសន្តិសុខរបស់ប្រទេសជាតិឱ្យបានល្អនៅឡើយទេ។ គ្រាប់បែកបានវាយប្រហារតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅចន្លោះទីស្ដីការក្រសួងទេសចរណ៍ និងសារមន្ទីរជាតិឆ្លងផ្លូវម្ខាងម្នាក់ពីសណ្ឋាគារ Four Seasons ដែលលោកម៉ាក្រុងស្នាក់នៅ។

ប្រភពពីគណៈប្រតិភូរបស់លោកម៉ាក្រុង និងកងសន្តិសុខស៊ីរីបង្ហើបឱ្យដឹងថាលោកម៉ាក្រុងបានចំណាយពេលពេញមួយយប់ស្នាក់នៅទីនោះ។ លុះពេលព្រឹកឡើង លោកឆ្លៀតទទួលជួបអង្គការសង្គមស៊ីវិលថែមទៀត។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាដំណើរទស្សនកិច្ចរបស់លោកត្រូវតែបន្តធ្វើនៅប្រទេសស៊ីរីដោយឥតមានលុបចោលទេ។ លោកថាគ្មានអ្វីធ្វើបំបាក់ស្មារតីរបស់ប្រជាជនស៊ីរីដែលប្រាថ្នាចង់រស់នៅមានអធិបតេយ្យភាព និងសន្តិសុខពេញលេញនោះទេ។ នៅព្រឹកនេះ ខ្ញុំបានជួបប្រជាជនស៊ីរីពីគ្រប់ជាន់ថ្នាក់ ហើយខ្ញុំមើលឃើញនូវតម្លៃ ភាពក្លាហាន និងការតាំងចិត្តខ្ពស់របស់ពួកគេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ