រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅទីលានទុកដាក់សំរាម ១កន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូលតំបន់អូរធម្មជាតិ ។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយ មានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ) ។
ក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាម ១កន្លែង នៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើងពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន និងសំណល់រាវលេចចេញ ប៉ះពាល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់ខាងលើ ។
ក្រុមការងារបានយកសំណាកទឹក មកពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រ នៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ ។
មន្ត្រីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុមការងារ បានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់នៅទីតាំងខាងលើ បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយ ប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ ៕







ចែករំលែកព័តមាននេះ