ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ដាក់​គោលដៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ស្បៀងអាហារ ៥០% ត្រឹម​ឆ្នាំ ២០៥០

1 អាទិត្យ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ស្បៀងអាហារ​ឱ្យ​បាន ៥០% ត្រឹម​ឆ្នាំ​២០៥០ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ​ស្បៀង​ជាតិ​។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំបន់​របស់​ម៉ា​ឡេ​ស៊ី លោក Ahmad Zahid Hamidi បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា កន្លង​ទៅ ថា គោលដៅ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ចំ​ពេល​ការ​ចំណាយ​លើ​ការ​នាំ​ចូល​ស្បៀងអាហារ​ប្រចាំឆ្នាំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កើនឡើង​ដល់​ប្រមាណ ២០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​លោក​រដ្ឋមន្ត្រី ផែនការ​នេះ កំពុង​តែ​ត្រូវ​បាន​អនុវត្ត​ជា​ដំណាក់កាល​ៗ ដោយ​មាន​គោលដៅ​បណ្តោះអាសន្ន​គឺ​កាត់​បន្ថយ​ឱ្យ​បាន ១៥% ត្រឹម​ឆ្នាំ ២០៣០ និង​ច្រើន​ជាង ៣០% ត្រឹម​ឆ្នាំ​២០៤០ មុន​ឈាន​ទៅ​សម្រេច​គោលដៅ​ចុង​ក្រោយ​ត្រឹម​ឆ្នាំ​២០៥០​។ លោក​បាន​បន្ត​ថា យុទ្ធសាស្ត្រ​នេះ នឹង​ផ្តោត​លើ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ដីធ្លី​ដែល​មិន​ទាន់​ប្រើ​អស់​លទ្ធភាព និង​ដី​ទំនេរ ដែល​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​នានា​ក្រោម​ឱវាទ​ក្រសួង ដោយ​បំប្លែង​ទៅ​ជា​តំបន់​ផលិតកម្ម​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​។

លោក​ក៏​បាន​គូសបញ្ជាក់​ថា កម្មវិធី​សន្តិសុខ​ស្បៀង​នេះ បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ហើយ​បាន​រួមចំណែក​រួចរាល់​ក្នុង​ការ​រក្សា​ស្ថិរភាព​ថ្លៃ ជា​ពិសេស​តាម​រយៈ​គម្រោង​ផលិតកម្ម​មាន់​សាច់ និង​ស៊ុត​។ លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា គំនិត​ផ្តួចផ្តើម​នេះ មិនមែន​បង្កើត​ឡើង​ក្នុង​បំណង​ប្រកួតប្រជែង​ជាមួយ​ផលិតករ​ពាណិជ្ជកម្ម​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​ប្រែប្រួល​ថ្លៃ​ផង​ដែរ​៕ ប្រភព ៖ VNA