រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូគុបជ្រុង បុកគ្នាជាមួយសន្តិសុខម្នាក់ជិះម៉ូតូ MD បណ្តាលឱ្យដួលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ សីហា នៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកជិះខាងក្រោយបែកក្បាលសន្លប់ និងម្នាក់ទៀតជិះម៉ូតូរត់គេចបាត់ ចំណែកអ្នកដែលត្រូវគេបុកបាក់ដងកាំបិតខាងស្តាំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតមានម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ជិះគ្នា២នាក់ តាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពីលិចឆ្ពោះទៅកើត ខណៈមកដល់ផ្លូវកែងលេខ២០៥ ស្រាប់តែជ្រុលទៅបុកជាមួយម៉ូតូ MD ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ-3751 ដែលបើកតាមផ្លូវលេខ២០៥ ពីត្បូងទៅជើង បណ្តាលឱ្យម៉ូតូទាំងពីរដួល។ ភ្លាមៗនោះយុវជនដែលជិះម៉ូតូគុបជ្រុងត្រូវរបួសស្រាលក៏លើកម៉ូតូជិះរត់គេចតាមផ្លូវលេខ៣៨៨ សំដៅទៅមហាវិថីមុនីរ៉េត បាត់ស្រមោល ដោយទុកយុវជនដែលជិះពីក្រោយបែកក្បាលដេកសន្លប់នៅនឹងកន្លែង ។ ចំណែកយុវជនជាសន្តិសុខជិះម៉ូតូ MD ត្រូវបាក់ដងកាំបិតខាងស្តាំ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនទាំងពីរនាក់តែម្តង ដោយមានប៉ូលិសតាមទៅមើលភាគីដែលបង្កហេតុត្រូវសន្លប់នោះដើម្បីស្រាវជ្រាវរកចាប់ខ្លួនអ្នកជិះម៉ូតូគុបជ្រុងដែលគេចខ្លួននោះ។
ប្រភពព័ត៌មានបានបន្តថា យុវជនជិះម៉ូតូ MD ឈ្មោះសឿន សុផល ជាបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុនឌីភីអេស ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានប៉ូលិសខណ្ឌចំការមនយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៀត ៕
ចែករំលែកព័តមាននេះ