ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​លោក ពូ​ទី​ន ជ្រើសរើស​ទីក្រុង​កា​ហ្សា​ន​ស្វាគមន៍​មេដឹកនាំ​កម្ពុជា​ និង​អាស៊ាន ?

3 អាទិត្យ មុន
  • ភ្នំពេញ

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទី​ន ( Vladimir Putin) ​បាន​ជ្រើសរើស​ទីក្រុង​កា​ហ្សា​ន (Kazan) ធ្វើ​ជាទី​កន្លែង​សម្រាប់​ទទួល​ស្វាគមន៍​មេដឹកនាំ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​នានា​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​មាន​អត្ថន័យ​ខាង​នយោ​បាយ សេដ្ឋកិច្ច និង​វប្បធម៌​យ៉ាង​ជ្រាលជ្រៅ​ ។

ទីក្រុង​កា​ហ្សា​ន គឺជា​រដ្ឋធានី​នៃ​សាធារណរដ្ឋ​តា​តា​ស្តង់ (Tatarstan) ​ដែល​ជា​រដ្ឋ​មួយ​របស់​​សហព័ន្ធ​រុ​ស្ស៊ី និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជាទី​ក្រុង​សំខាន់​មួយ​របស់​ប្រទេស​នេះ ដែល​មានការ​រីក​ចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា ឧស្សាហកម្ម និង​ការ​វិនិយោគ​។

រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ខិតខំ​អភិវឌ្ឍ​ទីក្រុង​នេះ ​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​នវានុវត្តន៍​មួយ ដែល​អាច​បង្ហាញ​ពី​សក្តានុពល​របស់​ប្រទេស​ទៅ​កាន់​ដៃគូ​អន្តរជាតិ ​។

លើស​ពី​នេះ កា​ហ្សា​ន​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​ច្រក​ទ្វារ​រវាង​អឺរ៉ុប និង​អាស៊ី​» ដោយសារ​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ។ ទីក្រុង​នេះ ​មាន​ប្រជាជន​ជា​ច្រើន​ដែល​កាន់សាសនា​អ៊ី​ស្លា​ម និង​ជា​គំរូ​នៃ​ការ​រួមរស់​ដោយ​សន្តិភាព​រវាង​វប្បធម៌ និង​សាសនា​ផ្សេង​ៗ​គ្នា​។

កត្តា​នេះ ​អាច​ជា​សារ​មួយ​ដែល​រុ​ស្ស៊ី​ចង់​បង្ហាញ​ទៅ​កាន់​ប្រទេស​អាស៊ាន ដែល​ជា​តំបន់​មាន​ភាព​ចម្រុះ​ផ្នែក​វប្បធម៌ និង​សាសនា​ដូច​គ្នា​ ។

ម្យ៉ាងវិញទៀត កា​ហ្សា​ន​បាន​ក្លាយជា​ទីក្រុង​សំខាន់​សម្រាប់​ការទូត​របស់​រុ​ស្ស៊ី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ ទីក្រុង​នេះ​ ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​របស់ BRICS កាលពី​ឆ្នាំ​២០២៤ និង​វេទិកា ពិភព​អ៊ី​ស្លា​ម រុ​ស្ស៊ី​និង​ពិភពលោក  “Russia-Islamic World: KazanForum” ដែល​បាន​ទាក់ទាញ​ការ​ចូលរួម​ពី​ប្រទេស​ជា​ច្រើន​។ ដូច្នេះ ការ​រៀបចំ​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​ទីក្រុង​កា​ហ្សា​ន ក៏​បង្ហាញ​ពី​ការ​បន្ត​យុទ្ធសាស្ត្រ​របស់​ទីក្រុង​នេះ​ក្នុង​នាម​ជា​វេទិកា​ការទូត​អន្តរជាតិ​ដ៏​សំខាន់​របស់​រុ​ស្ស៊ី​ផង​ដែរ​ ។

អ្នកវិភាគ​មួយ​ចំនួន​ក៏​យល់​ថា ការ​ជ្រើសរើស​កា​ហ្សា​ន​ឆ្លុះ​បញ្ចាំង​ពី​បំណង​របស់​លោកពូ​ទី​ន ក្នុង​ការ​បង្វែរ​ការ​យកចិត្តទុកដាក់​របស់​រុ​ស្ស៊ី​ឆ្ពោះទៅ​កាន់​តំបន់​អាស៊ី និង​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាស៊ាន ចំ​ពេល​ដែល​ទីក្រុង​ម៉ូ​ស្គូ​កំពុង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម និង​សម្ពាធ​ពី​ប្រទេស​លោក​ខាងលិច​ ។

តាម​រយៈ​វេទិកា​នេះ រុ​ស្ស៊ី​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ថាម​ពល បច្ចេកវិទ្យា និង​កា​រត​ភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​។

ការ​ជ្រើសរើស​ទីក្រុង​កា​ហ្សា​ន​សម្រាប់​ស្វាគមន៍​មេដឹកនាំ​អាស៊ាន គឺជា​ការ​បង្ហាញ​ពី​មហិច្ឆ​តា​របស់​រុ​ស្ស៊ី​ក្នុង​ការ​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​អាស៊ី បង្ហាញ​សមត្ថភាព​សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រទេស ព្រមទាំង​លើកកម្ពស់​តួនាទី​របស់​កា​ហ្សា​ន​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ការទូត និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​សំខាន់​មួយ ​។