ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតបនឹងការឈ្លានពានរបស់ថៃ៖ អាជីវករនៅបន្ទាយ​មានជ័យ នាំគ្នាធ្វើពហិការឈប់លក់ផលិតផលថៃ ហើយងាកមកគាំទ្រទំនិញក្នុងស្រុក

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ចម្រុះ បាន​ចុះ​ពិនិត្យ​ឃ្លាំង​២​កន្លែង​ហើយ សម្រេច​បិទទ្វារ​១​ន្លែ​ង​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​គ្មាន​ឯកសារ​បង់ពន្ធ តែគ្មាន​ទំនិញ ឬ​សាច់​បង្កក​នាំ​ចូល​ពី​ស្រុក​ថៃឡើយ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក អែ​ល ប៊ុ​ន​ថន នាយក​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​មានការ​សម្របសម្រួល​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឃ្លាំង​២​កន្លែង​រក​សាច់​ក្លា​ស្សេ ឬ​សាច់​បង្កក និង​ទំនិញ​ផ្សេង​ៗ​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃដែល​ជា​ទំនិញ​ហាមឃាត់ ។

នៅ​ពេល​ពិនិត្យ​ឃ្លាំង​ចំនួន​២​កន្លែង គឺ​ឃ្លាំង​១​ស្ថិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រក​មិនឃើញ​មាន​ទំនិញ​ហាមឃាត់​ឡើយ និង​បានឱ្យ​ធ្វើ​អាជីវកម្ម​ជា​ធម្មតា ។ ចំណែក​ឃ្លាំង​ទី​២ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​ពិនិត្យ​រក​ឃើញ​សាច់​ក្លា​ស្សេ ឬ​សាច់​បង្កក និង​ទំនិញ​ផ្សេង ជា​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ក្រៅពី​ថៃ ។

ប៉ុន្តែ​ឃើញ​មាន​ទំនិញ​មួយ​ចំនួន​គ្មាន​ឯកសារ​បង់ពន្ធ​នាំ​ចូល ទើប​មន្ត្រី​គយ និង​រដ្ឋាករ​បិទទ្វារ​​ជា​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​ឃ្លាំង​យក​ឯកសារ​មក​បង្ហាញ​គ្រប់គ្រាន់ ទើប​អនុញ្ញាត្តិ​ឱ្យ​បើក​ធ្វើ​អាជីវកម្ម​វិញ ។លោក អែ​ល ប៊ុ​ន​ថន បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៦ ​មិថុនា ឆ្នាំ​២០២៦ លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ត្រី កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃើញ​ថា អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​បាន​នាំ​គ្នា​ធ្វើ​ពហិការ ឈប់​លក់ទំនិញ​ថៃ​ហើយ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ បាន​ណែនាំ​ដល់​អាជីវករ​ត្រូវ​បញ្ឈប់​សកម្មភាព​លក់ទំនិញ​ថៃ ត្រូវ​លក់ទំនិញ​ក្នុងស្រុក ជួយ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ។ នេះ​មិនមែន​ជា​ការ​រើសអើង​នោះ​ទេ តែ​វា​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​ថៃ ។

ដោយឡែក ​នៅ​ក្រុង​សិរី​សោភ័ណ​វិញ ក៏​មិន​ខុស​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា តាម​ការ​ណែនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ដោយ​ឯកតោភាគី នៅ​​ពេល​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​ទាហាន​ថៃ​បាន​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​កម្ពុជា ព្រមទាំង​បាញ់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ព័ទ្ធ​លួស​បន្លា និង​ដាក់​ទូ​កុងតឺន័រ​ហ៊ុម​ព័ទ្ធ​យក​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា​មានការ​ឈឺចាប់ បាន​នាំ​គ្នា​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​របស់​ថៃ​ឡើយ ។

លោក​អភិបាល​បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ បាន​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី ក​.​ប​.​ប សាខា​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​សិរី​សោភ័ណ ផ្សារ​ចំការ​គ ឬ​ផ្សារ​ថ្មី តាម​ឃ្លាំង និង​ម៉ាត រក​ឃើញ​មាន​ទំនិញ​ថៃ នៅ​មានការ​ដាក់​លក់​តាម​ទីផ្សារ​នៅឡើយ និង​បាន​ណែនាំ​ដល់​អាជីវករ​បញ្ឈប់​សកម្មភាព​លក់​សាច់​បង្កក ដែល​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ និង​ផលិតផល​ផ្សេង​ៗ​របស់​ថៃ ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា ក្រោម​ការ​ណែនាំ​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​សកម្មភាព​លក់ទំនិញ​របស់​ថៃ និង​ក្រោយ​លក់ទំនិញ​ដែល​នៅ​សេសសល់​អស់ គឺ​ត្រូវ​បញ្ឈប់ ហើយ​នាំ​គ្នា​យក​ទំនិញ​ក្នុងស្រុក​មក​លក់​វិញ ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឱ្យ​មាន​ទីផ្សារ ជួយ​​ដល់​ប្រជា​កសិករ ។

យើង​ទាំងអស់​គ្នា​ត្រូវធ្វើ​ពហិការ​បញ្ឈប់​ការ​លក់ទំនិញ​ថៃ​លើ​ទឹកដី​កម្ពុជា ហើយ​បើ​មាន​ទំនិញ​ថៃ​ដែល​នាំ​ចូល ដូច​ជា​សាច់​បង្កក​ខូចគុណភាព និង​ទំនិញ​ផ្សេង​ៗ បើ​ឃើញ​ត្រូវ​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​ចំណាត់ការ​តាម​ច្បាប់ ៕