ទីក្រុងតូក្យូ ៖ ធនាគារកណ្តាលរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចដំឡើងអត្រាការប្រាក់គោលពី ០,៧៥% ទៅ ១% ដែលជាកម្រិតខ្ពស់បំផុតថ្មីមួយក្នុងរយៈពេល៣១ឆ្នាំ ពោលចាប់តាំង ១៩៩៥ ចំពេលមានការកើនឡើងខ្លាំងនៃតម្លៃថាមពលសកល។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងតាមរយៈលទ្ធផលបោះឆ្នោតលើសំឡេង ៧ ទល់នឹង ១ ក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ។ នេះបើតាមប្រភពពី BBC និង The Guardian បានចេញផ្សាយ។
ការសម្រេចចិត្តនេះ ធ្វើឡើងស្របពេលដែលធនាគារកណ្តាលមួយចំនួនលើពិភពលោក ក៏បានសម្រេចដំឡើងអត្រាការប្រាក់ក្នុងឆ្នាំនេះផងដែរ ដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរុញច្រានតម្លៃចំណាយលើជីវភាពរស់នៅឱ្យកាន់តែខ្ពស់ ជាពិសេសតម្លៃប្រេងឆៅពិភពលោកបានហក់ឡើងខ្ពស់។ កត្តានេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសជប៉ុន ដែលជាប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលថាមពល។ មួយវិញទៀត បើទោះបីជាអតិផរណាសរុបរបស់ប្រទេសជប៉ុនស្ថិតក្នុងកម្រិតទាប (១,៤%) ដោយសារការឧបត្ថម្ភធនពីរដ្ឋាភិបាលក៏ដោយ ប៉ុន្តែតម្លៃទំនិញលក់ដុំបានហក់ឡើងដល់ ៦,៣% កាលពីខែឧសភា ដែលបង្ខំឱ្យក្រុមហ៊ុននានាត្រូវដំឡើងថ្លៃទំនិញជាបន្តបន្ទាប់។
ក្រៅអំពីទប់ទល់នឹងអតផរណាហើយនោះ ការដំឡើងអត្រាការប្រាក់នេះ ក៏ដើម្បីការពារទប់ទល់នឹងការធ្លាក់ថ្លៃប្រាក់យ៉េនជប៉ុនផងដែរ ដែលបានធ្លាក់ថ្លៃខ្លាំងរហូតដល់កម្រិត ១៦០ យ៉េនក្នុង១ដុល្លារអាមេរិក និងក៏ដូចជាធ្វើឡើងដើម្បីជួយឱ្យរូបិយប័ណ្ណជាតិមានស្ថិរភាពឡើងវិញ និងកាត់បន្ថយថ្លៃដើមនៃការនាំចូលផងដែរ។
សូមជម្រាបជូនថា អត្រាការប្រាក់របស់ប្រទេសជប៉ុនបានកាត់បន្ថយយ៉ាងខ្លាំង អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃទ្រព្យសកម្ម ដូចជា អចលនទ្រព្យ និងភាគហ៊ុន។ អត្រាការប្រាក់ទាំងនោះ ស្ថិតនៅជិតកម្រិតសូន្យអស់រយៈពេល២ទសវត្សរ៍មកហើយ ដោយសារតែតម្លៃទំនិញធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចនៅទ្រឹង។ ទោះយ៉ាងណាក៏ដោយ ធនាគារកណ្តាលជប៉ុនបានបង្កើនអត្រាការប្រាក់របស់ខ្លួនជាបណ្តើរៗ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ ដែលនៅពេលនោះ គឺជាការដំឡើងអត្រាការប្រាក់លើកដំបូងបំផុតរបស់ប្រទេសក្នុងរយៈពេល១៧ឆ្នាំ៕


ចែករំលែកព័តមាននេះ