សង្គ្រាមអ៉ីរ៉ង់ ៖ នាវាដឹកប្រេងដំបូងៗរបស់អ៉ីរ៉ង់ពេលនេះ អាចបើកឆ្លងកាត់ការបិទខ្ទប់របស់អាមេរិកនៅច្រកសមុទ្រហ័រមូសហើយ ២ថ្ងៃមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ហើយជម្រុញការចរចាលើបណ្ដាបញ្ហារស៊ើបនានា រាប់ទាំងពីទណ្ឌកម្មរបស់អាមេរិក រហូតដល់បញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់។

បន្ទាប់ពីជាង៣ខែនៃសង្គ្រាម បណ្ដាលឲ្យមនុស្សច្រើនពាន់នាក់ស្លាប់ពិសេស នៅអ៉ីរ៉ង់ និងលីបង់ ទីបំផុត អាមេរិកនិងអ៉ីរ៉ង់អាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងក្របខណ្ឌមួយទាក់ទិនបញ្ហាធំៗ ។ មុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ការលុបចោលការហ៊ុមព័ទ្ធមិនឲ្យអ៉ីរ៉ង់ដឹកប្រេងចេញ ជាលទ្ធផលជាក់ស្ដែងដំបូងកត់សម្គាល់ឃើញ ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍។ តាមក្រសួងការបរទេសអ៉ីរ៉ង់ថា ការហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ដោយអាមេរិក ដែលអនុវត្តពីថ្ងៃទី១៣ មេសា មកជាការឆ្លើយតបចំពោះការបិទខ្ទប់ច្រកសមុទ្រហ័រមូសដោយអ៉ីរ៉ង់ តាំងពីចាប់ផ្ដើមសង្គ្រាមមកត្រូវបានលុបចោល។

នាវាដឹកប្រេងធំ៣គ្រឿងរបស់ក្រុមហ៊ុនដឹកប្រេងជាតិអ៉ីរ៉ងបានដឹកប្រេងឆៅដល់ទៅ៤,៨លានធុង ឆ្លងកាត់បរិវេណហ៊ុមព័ទ្ធ។ នេះជាការនាំចេញដំបូងនៃប្រេងឆៅអ៉ីរ៉ង់ពុំធ្លាប់មានចាប់តាំងពី២ខែមកហើយ ។ មុននេះ ទូរទស្សន៍រដ្ឋអ៉ីរ់ង់រាយការណ៍ពីការអាចធ្វើចរាចរណ៍ឡើងវិញនៃបណ្ដានាវាដឹកប្រេងអ៉ីរ៉ង់។

ប្រធានាធិបតីអាមេរិកធ្លាប់បានលើកកាលពីថ្ងៃ១២ មិថុនា ពីការបើកឡើងវិញទាំងស្រុងនៃច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស ក្រោយពីបិទបណ្ដាលឲ្យតម្លៃប្រេងឡើងខ្ពស់បំផុត ។ ក្រោយមានកិច្ចព្រមព្រៀងតម្លៃប្រេងឆៅបានធ្លាក់ចុះភ្លាមៗមកនៅត្រឹមក្រោម៨០ដុល្លារក្នុងមួយធុង ហើយនាថ្ងៃទី១៧ មិថុនា បន្តធ្លាក់ទៀតមកនៅត្រឹម៧៨,៧១ដុល្លារក្នុង១ធុង។ អាមេរិកអនុញ្ញាតឲ្យអ៉ីរ៉ង់ដឹកប្រេងចេញភ្លាមៗ ៕
ចែករំលែកព័តមាននេះ