ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ក្រោម ៨០ ដុល្លារ​អា​មេ​រិ​ក ​ក្នុង​១​បារ៉ែល​ជា​លើក​ដំបូង ចាប់តាំងពី​សង្គ្រាម​មជ្ឈិមបូព៌ា​ផ្ទុះ​ឡើង

3 អាទិត្យ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​បន្ត​ចុះ​រហូត​ក្រោម ៨០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​ជា​លើក​ដំបូង ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ​២០២៦ ដោយសារ​ទីផ្សារ​កាន់តែ​មាន​ទំនុកចិត្ត​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ជិត​ដល់ទី​បញ្ចប់​ហើយ ដែល​នឹង​បើកផ្លូវ​ពេញលេញ​ឱ្យ​មានការ​ងើបឡើង​វិញ​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ពី​តំបន់​នាំ​ចេញ​ប្រេង​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក​។

តម្លៃ​ប្រេង​ឆៅ Brent ស្តង់ដា​ពិភពលោក​បាន​ជួញដូរ​នៅ​ក្នុង​តម្លៃ ៧៨ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ស្រប​ពេល​ដែល​ប្រេង​ឆៅ WTI របស់​សហរដ្ឋអាមេរិក មាន​តម្លៃ​ត្រឹម ៧៥ ដុល្លារ​ក្នុង​១​បារ៉ែល នៅ​ក្នុង​ពេល​ជាមួយ​គ្នា​។

ការ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័​រមូ​សត្រូវ​បាន​បិទ​ទាំងស្រុង ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​បាន​រុញ​តម្លៃ​ប្រេង​ឆៅ Brent ឱ្យ​ហក់​ឡើង​ជិត ១២០​ដុល្លារ​ក្នុង​១​បារ៉ែល ហើយ​ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ​នៅ​ទូ​ទាំង​សកលលោក​។ ទោះ​យ៉ាងណា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ច្រក​សមុទ្រ​នេះ​នឹង​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​ពេញលេញ​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​តែ​ម្តង និង​ដំណើរការ​ដោយ​គ្មាន​ការ​គិតថ្លៃ​ឆ្លងកាត់​នោះ​ទេ​។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី Bloomberg បានឱ្យ​ដឹង​ថា នាវា​ដឹក​ប្រេង​ខ្នាត​យក្ស Suezmax ១​គ្រឿង ដែល​ដើម​ឡើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្គា​បុ​ង (Gabon) ឥឡូវនេះ​កំពុង​ផ្តល់​សញ្ញា​ថា គោលដៅ​ថ្មី​គឺ​កំពង់​ផែ Fujairah របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ដែល​នៅ​ក្រៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។ ចំណែក​កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស​១​គ្រឿង​ទៀត ដែល​ដើម​ឡើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​ឥឡូវនេះ​ក៏​កំពុង​ផ្តល់​សញ្ញា​ថា គោលដៅ​គឺ​កំពង់​ផែ Fujairah ដូច​គ្នា​ដែរ​។

ព័ត៌មាន​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ជិត​លេច​ចេញ​ជា​រូបរាង​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពីដើម​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​ភាព​មិន​ច្បាស់លាស់​អំពី​វឌ្ឍនភាព​ជាក់ស្តែង និង​កាលវិភាគ​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ នៃ​លំហូរ​បណ្តា​កប៉ាល់​ដឹក​ប្រេង​តាម​ច្រក​ហ័​រ​មូស​នោះ នៅ​តែ​បន្ត​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេង​ឡើង​វិញ​។ ទោះ​យ៉ាងណា​ក៏​ដោយ របាយការណ៍​ចុង​ក្រោយ​ពី​សកម្មភាព​របស់​បណ្តា​កប៉ាល់​ដឹក​ប្រេង និង​កប៉ាល់​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ម្ចាស់​ក្រុមហ៊ុន និង​ប្រតិបត្តិ​ករ​កប៉ាល់​ដឹក​ប្រេង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន នឹង​រង់ចាំ​រហូត​ដល់​ពួក​គេ​បានឃើញ​កិច្ចព្រមព្រៀង​ជាក់ស្តែង និង​ការ​ធានា​សុវត្ថិភាព មុន​ពេល​វិល​ត្រឡប់​ទៅ​កាន់​ចំណុច​នៃ​ផ្លូវទឹក​ដឹក​ជញ្ជូន​ប្រេង និង​ឧស្ម័ន​ដ៏​សំខាន់​របស់​ពិភពលោក​នេះ​ឡើង​វិញ​។ នេះ​បើ​តាម​សម្តី​លោក Jotaro Tamura នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mitsui OSK Lines ដែល​ជា​ប្រតិបត្តិ​ករ​កប៉ាល់​ដឹក​ប្រេង​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក បាន​ប្រាប់​កាសែត Financial Times កាលពី​ពេល​ថ្មី​ៗ​នេះ​៕ ប្រភព ៖ AP, Reuters, Bloomberg, Financial Times និង​ប្រភព​ផ្សេង​ទៀត