រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយវត្តមានចូលរួមពីអភិបាលរង រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីអភិបាលខណ្ឌទាំង១៤ផងដែរ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាព នៃការងារបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងលោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចមក លោកអភិបាល បានអនុញ្ញាតឱ្យអភិបាលខណ្ឌ ចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារបង្ក្រាបបទល្មើសនេះកាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកស្រីអ្នកនាំពាក្យបន្តថា ជាមួយគ្នានេះដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ជាអនុសាសន៍ និងការដឹកនាំមួយចំនួនសម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ យកទៅអនុវត្តបន្ត ជាពិសេសលោកអភិបាល ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ការងារបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ ៕






ចែករំលែកព័តមាននេះ