រាជធានីភ្នំពេញ ៖ យុវជនកម្ពុជាដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ ។

យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០គីឡូម៉ែត្រក្នុងអំឡុងពេលដែលផ្កាយរណបអន្តរជាតិធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាក្នុងចន្លោះត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ ។
ចំពោះអត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចយកទៅប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ ទំនាក់ទំនងពីដីទៅលើអាកាស អាចទាក់ទងគ្នានៅតាមតំបន់ដាច់ស្រយាល ដែលគ្មានសេវាទូរសព្ទទៅដល់ ។ លើសពីនេះ វាអាចប្រើប្រាស់នៅក្នុងវិស័យយោធា និងវិស័យសន្ដិសុខផ្សេងៗជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពីយុវតីរូបនេះ។

យុវតី ប៊ុនណារ៉ែន បានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរយើង គួរតែចាប់យកឱកាសសិក្សារៀនសូត្រពីមុខជំនាញផ្កាយរណបនេះ ព្រោះទីផ្សារក៏កំពុងមានតម្រូវការច្រើនហើយ ដោយជាក់ស្ដែងយើងឃើញថា មានតម្រូវការ ហើយត្រូវប្រើប្រាស់ច្រើនវិស័យ ជាពិសេសនោះ គឺវិស័យបច្ចេកវិទ្យា» ។
យុវជន ស៊ា គឹមហុង ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍នេះ ផលិតឡើងក្នុងគោលបំណងចង់បណ្ដុះបណ្ដាលសិស្សនិស្សិតផ្សេងទៀត ដែលមានបំណងសិក្សាជំនាញខាងផ្កាយរណប និងការទំនាក់ទំនងក្រុមការងារផ្កាយរណបអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ។
យុវជនរូបនេះបន្តថា ការសក្សាជំនាញផ្កាយរណបនេះ ទទួលបានការបណ្ដុះបណ្ដាល និងមានការណែនាំពីគ្រូជំនាញមកពីប្រទេសជប៉ុន និងបារាំង ដើម្បីបានចំណាយពេលវេលាមកជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាឱ្យមានការយល់ដឹង ពីកិច្ចការរបស់ផ្កាយរណប និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទៅតាមវិស័យដែលចាំបាច់ ។
យុវជន គឹមហុង បានបញ្ជាក់ថា៖ «ខ្ញុំពិតមានមោទនភាពខ្លាំងណាស់ ដែលបានសិក្សាជំនាញនេះ ដោយសារជាមុខជំនាញដែលមិនសូវមានការចាប់អារម្មណ៍ ពីយុវជននៅក្នុងស្រុកយើង ។ ខ្ញុំសូមលើកទឹកចិត្តដល់យុវជនងាកមកចាប់អារម្មណ៍ជំនាញផ្កាយរណបនេះ គឺជំនាញនេះមានការចាំបាច់ខ្លាំងសម្រាប់ស្រុកយើងបច្ចុប្បន្ននេះ» ។

សម្រាប់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា លោកពិតជាមានមោទនភាពចំពោះយុវជនខ្មែរ ដែលមានសមត្ថភាពក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់នេះ ព្រោះអាចជាគម្រូថ្មីមួយសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ទាក់ទងបច្ចេកវិទ្យា ។
លោកបញ្ជាក់ថា៖ «នៅក្នុងវិទ្យាស្ថាន NPIC យើងមានឧបករណ៍ និងសម្ភារគ្រប់គ្រាន់ សម្រាប់បណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវ ដែលសម្ភារទាំងនោះ គឺទំនើបទាន់សម័យកាល ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ យុវជនខ្មែរយើង គួរតែមកចុះឈ្មោះចូលរៀនជំនាញ ព្រោះនៅសាលាយើងនេះ មានជំនាញច្រើនដែលប្អូនអាចជ្រើសរើសទៅតាមចំណងចំណូលចិត្ត និងស្របតាមតម្រូវការទីផ្សារ» ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ