ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ភាគី​ថៃ​ប្រកាស​លុប​សន្ធិសញ្ញា​បារាំង​-​ថៃ​ចោល ស្មើនឹង​លុប​ចោល​កិច្ចព្រមព្រៀង​ព្រំដែន​ជាមួយ​ឡាវ​ដែរ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​បាន​បញ្ជាក់​ថា ប្រសិនបើ​ភាគី​ថៃ​ប្រកាស​លុប​សន្ធិសញ្ញា​បារាំង​-​ថៃ​ចោល ស្មើនឹង​លុប​ចោល​កិច្ចព្រមព្រៀង​ព្រំដែន​ជាមួយ​ឡាវ​ដែរ ។ ការ​មាន​ប្រសាសន៍​បែប​នេះ​ របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​លោក អា​នុ​ទី​ន ឆាន​វី​រៈ​គុល នាយក​រដ្ឋមន្ត្រី​ថៃ​នា​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​មិន​ទទួលស្គាល់​សន្ធិសញ្ញា​បារាំង​-​ថៃ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះអាសន្ន ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៦ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​ថៃ ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​-​ថៃ ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លង​មក ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចង​ភ្ជាប់​ជាមួយ​កិច្ចព្រមព្រៀងអនុសញ្ញា​បារាំង​-​ថៃ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​ថៃ ១៩០៧ ដែល​មាន​វិសាលភាព​គ្របដណ្តប់​ទាំង​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រំដែន​ឡាវ​-​ថៃ ប្រសិនបើ​អ្នកឯង​ប្រកាស​លុប​សន្ធិសញ្ញា​មួយ​នេះ វា​ស្មើនឹង​ការ​ប្រកាស​លុប​ជាមួយនឹង​ព្រំដែន​ឡាវ​ដែរ ព្រោះ​សន្ធិសញ្ញា​នេះ វា​ចង​ភ្ជាប់​ទាំង​ពីរ មិន​អាច​ទំនើង​តាម​រយៈ​ចិត្ត​របស់​អ្នកឯង​ទេ ចិត្ត​របស់​អ្នកឯង​ទេ​»​។

សម្តេច​តេ​ជោ​បន្ត​ថា ដូច្នេះ កម្ពុជា​ជា​ប្រទេស​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ​លើ​ទំនាស់​ព្រំដែន​ជាមួយ​ភាគី​ថៃ ត្រូវ​តែ​ធ្វើ​ជា​រដ្ឋ​គោរព​ច្បាប់ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​សង្កត់ធ្ងន់ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​អូស​បន្លាយ​រហូត​មក​ដល់​បច្ចុប្បន្ន មាន​រយៈពេល​ជាង​១​ឆ្នាំ​នេះ ត្រូវ​កំណត់​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ទើប​មាន​ចីរភាព ទោះបីជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចង់​ស្រែក​ពី​នាយ​សមុទ្រ​ញុះញង់​រឿង​ព្រំដែន​ក៏​ដោយ ៕