សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានឹងថៃ គឺការប្រកាន់យកដំណោះស្រាយដោយសន្តិវិធី ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា «ខ្ញុំសូមបញ្ជាក់ថា ដោះស្រាយដោយសន្តិវិធីមានចីរភាពជាងយោធា»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់ និងសន្ធិសញ្ញាដែលមានការទទួលស្គាល់ដោយអន្តរជាតិ ទើបជាការដោះស្រាយមានផលប្រយោជន៍ទៅវិញទៅមក ហើយការដែលគេថា បិទមិនបើក វា គឺជារឿងគេ ហើយយើងក៏មានសិទ្ធិនិយាយដែរបិទក៏បិទទៅ បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំ ក៏ទៅតាមនោះទេ ។

សម្តេចតេជោ បានលើកឡើងថា ដំបៅវារីកហើយ តែយើងត្រូវព្យាបាលវាឲ្យសះ បើថៃមិនចង់ទេ សូមទុកឲ្យថៃទទួលខុសត្រូវនៅលើឆាកអន្តរជាតិ ។
សម្តេចតេជោបានបញ្ជាក់ថា «បញ្ហាព្រំដែនកម្ពុជា-ថៃ បានចងភ្ជាប់នឹងកិច្ចព្រមព្រៀងអនុសញ្ញាបារាំង-សៀម ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ដែលមានវិសាលភាពគ្របដណ្តប់ទាំងព្រំដែនកម្ពុជា-ថៃ និងព្រំដែន ឡាវ-ថៃ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើគេប្រកាសលុបកិច្ចព្រមព្រៀង និងសន្ធិសញ្ញានេះវាស្មើនឹងគេលុបសន្ធិសញ្ញព្រំដែនជាមួយនឹងឡាវដែរ ពីព្រោះសន្ធិសញ្ញានេះវាចងភ្ជាប់ទាំងពីរប្រទេស ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា « យើងត្រូវធ្វើជារដ្ឋដែលគោរពច្បាប់» ៕
ចែករំលែកព័តមាននេះ