ចិន-កូរ៉េខាងជើង ៖ ពេលជួបគ្នាកំពូលនៅក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោកស៊ីជីនពីង ថ្លែងកាលពីថ្ងៃទី៨ មិថុនា ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ថា ចិននឹងមិនផ្លាស់ប្ដូរឡើយការសន្យារបស់ខ្លួន ការពារបណ្ដាផលប្រយោជន៍រួមជាមួយកូរ៉េខាងជើង ហើយនឹងមិនបន្ថយការគាំទ្រចំពោះលោកគីម ជុងអ៊ុន ឡើយ។

តាមកំណត់ហេតុផ្លូវការនៃការជួបគ្នាកំពូលនោះថា ប្រទេសជិតខាងទាំង២ ត្រូវពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ហើយការពារម៉ឺងម៉ាត់អធិបតេយ្យភាព សន្តិសុខ និងបណ្ដាផលប្រយោជន៍ខាងការអភិវឌ្ឍន៍ ។ ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ របស់លោកស៊ីជីនពីង នៅកូរ៉េខាងជើង ជាលើកដំបូងពុំធ្លាប់មានចាប់តាំងពី៧ឆ្នាំមកហើយ ធ្វើឡើងពេលដែលសេដ្ឋកិច្ចរបស់ក្រុងព្យុងយ៉ាងកំពុងត្រូវបានពង្រឹង តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងយោធាកាន់តែកើនឡើងជាមួយរុស្ស៊ីដែលអាចពង្រឹងទំនុកចិត្តរបស់លោកគីម ជុងអ៊ុន ក្នុងការចរចាគ្នា ។

ក្នុងដំណើរទស្សកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោកក្នុងឆ្នាំនេះ លោកស៊ីជីនពីង ថ្លែងទៅកាន់លោកគីម ជុងអ៊ុន ថា ខ្ញុំរីករាយខ្លាំងណាស់ ហើយខ្ញុំក៏មានអារម្មណ៍ស្និទ្ធស្នាលជាពិសេស ។ លោកអះអាងជាថ្មីទៅកាន់លោកគីមថា ទោះជាសភាពការណ៍អន្តរជាតិវិវឌ្ឍទៅបែបណាក្ដី ក៏ចិននឹងនៅតែបន្តផ្ដល់សារសំខាន់ដ៏ធំធេងចំពោះមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើងដែរ ។

លោកស៊ីជីនពីងបានមកកាន់កូរ៉េខាងជើងតាមយន្តហោះពិសេសមួយគ្រឿង អមដោយភរិយា និងរដ្ឋមន្ត្រីការបរទេសលោកវ៉ាងយី ។ ប្រធានាធិបតីចិន និងមេដឹកនាំកូរ៉េខាងជើងអះអាងជាថ្មីពីឆន្ទះ ធ្វើឲ្យស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំង២ ៕
ចែករំលែកព័តមាននេះ