ទីក្រុងហ្សឺណែវ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក Atle Hoie អគ្គលេខាធិការនៃសហព័ន្ធសហជីពសកល IndustriALL និងលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ITUC-AP) ក្នុងអំឡុងពេលកិច្ចប្រជុំនៃសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គម សេរីភាពក្នុងការបង្កើតសមាគម និងការកសាងសមត្ថភាពសហជីព ក៏ដូចជាពិភាក្សាអំពីការពង្រឹងការអនុលោមភាព ។

ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Atle Hoie ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធត្រីភាគីដ៏រឹងមាំរបស់កម្ពុជា រួមមាន៖ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដែលជាគ្រឹះស្ថានបម្រើដល់កិច្ចសន្ទនាសង្គម ។ ឯកឧត្តមបានលើកឡើងពីកំណើននៃអង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការរីកចម្រើននៃសេរីភាពអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាពនៅកម្ពុជា ។

លោក Atle Hoie បានស្វាគមន៍ចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការពង្រឹងយន្តការត្រីភាគី និងទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ IndustriALL ក្នុងការបន្តសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា និងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ។

ភាគីទាំងពីរក៏បានពិភាក្សាលើការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការត្រួតពិនិត្យអនុលោមភាពក្នុងខ្សែច្រវាក់ផលិតកម្ម (Supply Chain Due Diligence) រួមទាំងការចូលរួមរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីសហគ្រាសពហុជាតិសាសន៍ និងគោលនយោបាយសង្គមរបស់អង្គការ ILO, គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស និងគោលការណ៍ណែនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់សហគ្រាសពហុជាតិ ។

ដោយឡែក នៅក្នុងជំនួបជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃ ITUC-AP វិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតួនាទីដ៏សំខាន់របស់ ITUC ដែលជាតំណាងសំឡេងសកលរបស់កម្មករនិយោជិតនៅក្នុងវេទិកាជាសកលជាមួយសមាសភាពត្រីភាគីនានា ក្នុងគោលដៅសម្រេចឱ្យបានយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា ។ ឯកឧត្តមបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងកម្មវិធីការងារសមរម្យប្រចាំប្រទេស (Decent Work Country Programme) ឆ្នាំ២០២៤-២០២៨ ។

ឯកឧត្តម ក៏បានលើកសំណើឱ្យមានសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន៖ ការគាំទ្រសមត្ថភាពរបស់សហព័ន្ធសហជីពនៃក្រុមប្រឹក្សា ITUC-កម្ពុជា ដើម្បីធានាតួនាទីដ៏មានសារៈសំខាន់របស់សហជីព ដែលជាផ្នែកមួយដ៏ចាំបាច់នៅក្នុងយន្តការត្រីភាគី ការបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំសហជីព ស្តីពីបទដ្ឋានអន្តរជាតិខាងការងារ និងការរួមសហការគ្នាជំរុញលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាសង្គមនៅក្នុងតំបន់អាស៊ាន ។

លោក Shoya Yoshida បានវាយតម្លៃខ្ពស់ចំពោះការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម ជាមួយសហជីព និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រការកសាងសមត្ថភាពសហជីពកម្ពុជា ដើម្បីឱ្យការចូលរួមរបស់សហជីពក្នុងយន្តការត្រីភាគីមានគុណភាព ការស្ថាបនា និងផ្តោតលើផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងសេដ្ឋកិច្ចជាតិ ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយតម្លាភាព ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់សិទ្ធិការងារ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ