ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឱ្យ​សិប្បកម្ម​ផលិត​ជីសរីរាង្គ «ជុង​ហេង»​ ប្ដូរ​ទីតាំង​ថ្មី និង​ផ្ដល់​សំណង​ជូនពលរដ្ឋ​ ក្រោយ​បង្ហូរ​កាក​សំណល់​រាវ​មាន​ក្លិនស្អុ.យ​ពាស​វាល​ពាស​កាល

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​ខណ្ឌ​កំ​បូល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សុំ​ឲ្យ​សិប្បកម្ម​ផលិត​ជីសរីរាង្គ​ «ជុង​ហេង ហ្វើ​ថឹ​ឡាយ​ហ្សឺ ខូ​អិ​ល​ធី​ឌី » ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ប្ដូរ​ទីតាំង​ថ្មី ដែល​ពុំ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ការ​រស់នៅ និង​ការ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ឲ្យ​ម្ចាស់​សិប្បកម្ម​រូប​នោះ​ចេញ​សំណង​ជូន​ប្រជាពលរដ្ឋ ដែល​បាន​រង​ផល​ប៉ះពាល់​ទាំងនោះ​ផង​ដែរ ។

ការ​សុំ​ឲ្យ​ប្ដូរ​ទីតាំង និង​ចេញ​សំណង​ជូន​ប្រជាពលរដ្ឋ​នេះ​បន្ទាប់​ពី​សិប្បកម្ម​ផលិត​ជី​ខាងលើ បាន​បង្ហូរ​កាក​សំណល់​រាវ កាក​សំណល់​ផ្លែស្វាយ និង​កាក​សំណល់​វត្ថុធាតុដើម​ផ្សេង​ទៀត ដែល​មាន​ក្លិនស្អុយ​អសោចិ៍​ចូល​ទៅ​ក្នុង​ប្រឡាយ​សាធារណៈ ហើយ​បាន​ហូរហៀរ​ចូល​ក្នុង​ដីស្រែ​ប្រជាពលរដ្ឋ​មិន​អាច​បង្កបង្កើន​ផល​បាន ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ ទឹក​កាក​សំណល់​ដ៏​ស្អុយ​ទាំងនោះ ក៏​បាន​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ថែម​ទៀត​ផង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ​កាន់តែ​ស្អុយ​ខ្លាំង​ឡើង​ហើយ ។

អាជ្ញាធរ​បាន​ប្រាប់​ថា សិប្បកម្ម​មួយ​នេះ​សាងសង់​នៅ​កណ្ដាល​វាលស្រែមាន​ទំហំ​ ៨,០០០​ម៉ែត្រ​កា​រ៉ ចែក​ចេញ​ជា​ ៣​អគារ មាន​កម្មករ​បម្រើ​ការងារ​នៅ​ទីនោះ​តែ​ចំនួន​ ១២​នាក់​ប៉ុណ្ណោះ ហើយ​បាន​កែ​ច្នៃ​សំណល់​ផ្លែស្វាយ​ផ្សំ​ជាមួយ​វត្ថុធាតុដើម​ផ្សេង​ៗ​ទៀត​ភាគច្រើន​ជា​របស់​ស្អុយ​ធ្វើ​ជា​ជីសរីរាង្គ ។ ដោយ​បាន​បើក​ដំណើរការ​ផលិត​នៅ​ក្នុង​ឆ្នាំ​ ២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ចំណែក​ម្ចាស់​ទីតាំង​និង​ជា​អ្នកគ្រប់គ្រង​សិប្បកម្ម​ឈ្មោះ​គង់ ពី​នី ភេទ​ស្រី ជា​ជនជាតិ​ខ្មែរ មាន​ប័ណ្ណ​ប៉ាតង់​ចុះ​ថ្ងៃ​ទី​ ២២ ខែសីហា ឆ្នាំ​ ២០២៥ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា សិប្បកម្ម​ផលិត​ជីសរីរាង្គ​ខាងលើ​នោះ​បាន​បង្ហូរទឹក​ស្អុយ​ចេញ​ក្រៅ​បង្ក​ក្លិនស្អុយ​ពាស​វាល​ពាស​កាល​រយៈពេល​ជាង​ ៧​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​កាន់តែ​ស្អុយ​ខ្លាំង​ឡើង មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​នោះ​ទេ ក្លិនស្អុយ​បាន​សាយភាយ​គ្រប់ពេល ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ​ជា​ខ្លាំង ។ សិប្បកម្ម​នេះ​បាន​បំពុលបរិស្ថាន បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​និង​ដីស្រែ​ពួក​គាត់​មិន​អាច​ធ្វើស្រែ​កើត​ឡើយ ហើយ​ទឹក​កាក​សំណល់​ទាំងនោះ​ក៏​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត​ផង​ដែរ ដោយសារ​តែ​បែប​នេះ ទើប​ពួក​គាត់​ស្នើរ​សុំ​ទៅ​អាជ្ញាធរ​ឲ្យ​អន្តរាគមន៍​ជួយ​ដោះស្រាយ និង​មាន​ចំណាត់ការ​លើ​ក្រុមហ៊ុន​មួយ​នេះ​ផង ។

ដោយឡែក​អាជ្ញាធរ​សង្កាត់​បឹង​ធំ​ និងរដ្ឋបាល​ខណ្ឌ​កំ​បូល ក្រោយ​ពី​បានដឹង​នូវ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​នោះ​ជា​បន្តបន្ទាប់​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​ផល​ល្អ​នោះ​ទេ ក្លិនស្អុយ​នៅ​តែ​មាន​ដដែល ហើយ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២៦ រដ្ឋបាល​ខណ្ឌ​កំ​បូល​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ ឃឹម ស៊ុន​សូ​ដា សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ប្រធាន​មន្ទីរ​ គាត រង្សី និង​ក្រុមការងារ​នៃ​ក្រសួងបរិស្ថាន បាន​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដល់​ម្ចាស់​សិប្បកម្ម​មួយ​នេះ និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន ​៥ ​ចំណុច​ដូច​ខាងក្រោម ​៖

១- ម្ចាស់​សិប្បកម្ម​គួរ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ក្លិនស្អុយ​ដល់​បងប្អូន​រស់នៅ​ក្បែរ​ខាង ​។
២- ម្ចាស់​សិប្បកម្ម​ត្រូវ​ធ្វើការ​ទប់ស្កាត់​សំណល់​រាវ​មិន​ឲ្យ​ហូរ​ចូល​ដីស្រែ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ឡើយ ​។
៣- ម្ចាស់​សិប្បកម្ម​ត្រូវ​បញ្ឈប់​នាំ​ចូល​សំណល់​ទាំងអស់​មក​ធ្វើ​អាជីវកម្ម​ជា​បន្ត​ទៀត ។ ចំពោះ​សំណល់​ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ស្រាប់​ត្រូវ​ប្រមូល​ទុកដាក់​នៅ​ក្នុង​រោង​ត្រឹមត្រូវ​កំឡុង​ពេល​ ២​ស​ប្តា​ហ៏ ដើម្បី​បញ្ជៀ​ស​បញ្ហា​ក្លិនស្អុយ​ប៉ះពាល់​ប្រជាពលរដ្ឋ ។

៤- ម្ចាស់​សិប្បកម្ម​ត្រូវ​ទទួលខុសត្រូវ​ផ្តល់​ជា​សំណង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីស្រែ​មិន​អាច​បង្កបង្កើន​ផល​បាន​។
៥- ក្នុង​ករណី​សិប្បកម្ម​អាច​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ត្រូវ​ស្នើ​សុំ​លិខិត​អនុញ្ញាតិ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​មានការ​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​លើ​ការ​អនុញ្ញាតិ​ជា​មុន​សិន​ទើប​អាច​ដំណើរការ​ឡើង​វិញ​បាន​ ៕