ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅមនុស្សចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវនោះឡើយ ។

ការផ្តាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ក្រុមប្រឆាំងកំពុងតែដេកច្រៀងសប្បាយនៅក្រៅប្រទេស ប៉ុន្តែប្រកាសស្រែកតាមបណ្តាញសង្គមមិនឱ្យកម្ពុជារៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីទៅវិញ ។ ចំពោះករណីនេះ សម្តេចបានសង្កត់ធ្ងន់ចំពោះបុគ្គលមួយចំនួន ដែលលង់ជឿនឹងការញុះញង់ អុជអាលពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស សូមកុំធ្វើសភាពតាមរូបភាពណាមួយ ដែលរំខានដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលឱ្យសោះ ។ ខណៈមានបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមចូលទៅវាយប្រហាររដ្ឋាភិបាលដោយបំពាន និងខុសពីការក្នុងចេតនាទុច្ចរិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមច្បាប់ ។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទីក៏បានបញ្ជាក់ថា ៖ នៅកម្ពុជា មិនមានការឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ជាក់ស្តែងមានប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រើប្រាស់បណ្តាញសង្គមនេះចូលមកបញ្ចេញមតិ ដើម្បីស្ថាបនា គឺទទួលបានស្វាគមន៍ ។ ប៉ុន្តែបើប្រើប្រាស់ចូលមកជេរប្រមាថ និងចោទមកលើប្រកាន់រដ្ឋាភិបាលខុសនឹងការពិត មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ» ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសូមបញ្ជាក់ម្តងហើយ ម្តងទៀត សភាពបែបនេះ ប្រទេសខ្លះបានដាក់ប្រទេសក្នុងគ្រាមានអាសន្ន តែយើងអត់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬប្រកាសច្បាប់អាជ្ញាសឹក គឺអត់ទេ អាហ្នឹងត្រូវដឹងឱ្យច្បាស់ អត់មានអ្នកឯង ចង់ធ្វើឱ្យមានចលាចល ខាងក្រោយ ដើម្បីរំខានដល់ខាងមុខ ហើយផ្តួលរំលំ “…” តែខ្ញុំសូមបញ្ជាក់ឡើងវិញ ខ្ញុំវៃ តែអ្នកណាដែលចង់ផ្តួលរដ្ឋាភិបាលក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ តែគណបក្សនយោបាយចូលមកប្រកួតប្រជែង សូមធ្វើចុះ» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងនៅក្នុងប្រទេសឱ្យដឹងច្បាស់ថា សុំកុំប្រើប្រាស់បណ្តាញសង្គម ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយខុសច្បាប់ឱ្យសោះពីព្រោះការជេរប្រមាថ គឺជាទង្វើរខុសច្បាប់ ជាបទល្មើសជាក់ស្តែង ដែលមិនអាចលើកលែងទោសបាន ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ ។ ហើយនៅតែប្រកាសវិធានការច្បាប់ដោយម៉ឺងម៉ាត់ ចំពោះអ្នកដែលវាយសម្តេច ដើម្បីផ្តល់ឱកាសឱ្យសត្រូវនៅទល់ដែន ។ ចំពោះបញ្ហានេះ សម្តេចមានក្រុមតាមដានរាល់មតិលើបណ្តាញសង្គម ដែលអុជអាល និងមានចេតនាអាក្រក់បង្កចលាចលក្នុងសង្គម ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រជាពលរដ្ឋកំពុងស្នាក់ក្នុងជម្រកបណ្តោះអាសន្នឱ្យជ្រាបថា ការស្នាក់នៅទីនេះ របស់ប្រជាពលរដ្ឋភៀសសឹក គឺជាដំណាក់កាលនៃការរង់ចាំ ដើម្បីឱ្យរាជរដ្ឋាភិបាលបន្តទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ដោយសន្តិវិធី មិនមែនដណ្តើមមកវិញដោយកម្លាំងយោធានោះទេ ៕
ចែករំលែកព័តមាននេះ