សម្តេចតេជោ៖ ជាកំហុសខ្ញុំដែលមិនបានត្រៀមរៀបចំវិស័យយោធាឱ្យខ្លាំង ខណៈមិននឹកស្មានថា មានសង្គ្រាមឈ្លានពានព្រំដែនបែបនេះ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា កាលពីសម្តេចធ្វើជានាយកដ្ឋមន្ត្រី សម្តេចស្រឡាញ់លុយយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន សម្រាប់អភិវឌ្ឍន៍ប្រទេស ទើបមិនបានត្រៀមរៀបចំវិស័យយោធាឱ្យបានខ្លាំង ខណៈមិននឹកស្មានថា មានសង្គ្រាមឈ្លានពានយកព្រំដែនបែបនេះទេ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីថ្លែងក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ យ៉ាងដូច្នេះថា «កាលពីខ្ញុំធ្វើជានាយករដ្ឋមន្ត្រីពេញលេញ ខ្ញុំមិនបានរៀបចំណា មួយ សម្រាប់ការប្រយុទ្ធនាគ្នានោះទេ ។ អីញ្ចឹងពេល មានសង្គ្រាមយើង«…» ជាកំហុសរបស់ខ្ញុំ មិនមែនជាកំហុសរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននោះទេ ជាកំហុសខ្ញុំ ដែលខ្វះការត្រៀម រៀបចំខ្លួន ដើម្បីការប្រយុទ្ធមួយ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏បានទប់ទល់សង្គ្រាមនេះ ហើយខិតខំដោះស្រាយដោយសន្តិវិធី» ។

សម្តេចតេជោបានបន្តថា មានបញ្ហាខ្លះ យើងត្រូវទទួលខុសត្រូវលើបញ្ហាដែលយើងបានសាង ។ ព្រោះខ្ញុំដោយសារជឿទុកចិត្តគេពេក អីញ្ចឹងសមត្ថភាពផ្នែកអាវុធ យុទ្ធភ័ណ្ឌ«…» ថា វាស្រឡាញ់លុយពេល ចង់យកលុយទៅធ្វើស្ពាន ធ្វើផ្លូវ មន្ទីរពេទ្យ សាលារៀន ធ្វើនេះធ្វើនោះ ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា កាំភ្លើងមួយដើមៗ និងគ្រាប់តម្លៃរាប់សិបម៉ឺនដុល្លារក៏មាន ។ ចំពោះកាំភ្លើងBM21 កាលពីមុនមួយគ្រាប់១២០០ដុល្លារ តែឡូវនេះ ៤០០០ដុល្លារក្នុងមួយគ្រាប់ ។ ដោយសារតែយកលុយទៅធ្វើការអភិវឌ្ឍន៍វិស័យផ្សេងៗ ទើបវិស័យយុទ្ធភ័ណ្ឌយើងនៅមានកម្រិត ។ និយាយរួមទៅ យើងមិននឹកគិតថា មានសង្គ្រាមឈ្លានពានមួយកើតឡើងនៅទូទាំងព្រំដែនចាប់ពីតំបន់មុំបី រហូតដល់មាត់សមុទ្របែបនេះឡើយ ៕


ចែករំលែកព័តមាននេះ