ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីវាយប្រហារខ្លាំងក្លាលើក្រុងខាគៀវ ស្លា.ប់និងរបួសជិត​២០នាក់ ខណៈលោកហ្សេឡេនស្គី បន្តស្វែង​រកសន្តិភាព

52 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍ ​កាលពី​ថ្ងៃ​ទី​៩​ មិថុនា​ ថា ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​លើ​តំបន់​ក្រុង​
ខា​គៀវ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ប្រមាណ​ជា​១៥​នាក់​ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី នា​ថ្ងៃ​ទី​៨​ មិថុនា​ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ដ៏​វិជ្ជមាន​បំផុត ជាមួយ​បេសកជន​អា​មេ​រិ​ក​ លោក​STEVE WITKOFF និង​លោក​JERED KUSHNER ដើម្បី​សាកល្បង​ជម្រុញ​ការ​ចរចា​ឡើង​វិញ ​សំដៅ​ស្វែងរក​ច្រកចេញ​មួយ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ។

តាម​បណ្ដាញ​សង្គម​ លោក​ហ្សេ​ឡេ​ន​ស្គី​ថ្លែង​ថា យើង​យល់​ដែល​ពិភពលោក​ពេល​នេះ​ កំពុង​តែ​ផ្ដោត​ខ្លាំង​លើ​សភាពការណ៍​ជុំវិញ​អ៉ី​រ៉​ង់ ប៉ុន្តែ​ទិស​ដៅ​រួម​របស់​យើង​ គឺ​ស្វែងរក​សន្តិភាព​នៅ​អឺរ៉ុប ដែល​កំពុង​ស្ថិត​ក្នុង​របៀបវារៈ​ជា​និច្ច​ដែរ​។

មេដឹកនាំ​អ៊ុយ​ក្រែ​នរូ​ប​នោះ​​លើក​ជា​ច្រើន​លើក​ពី​លទ្ធភាព​នៃ​ទស្សនកិច្ច​របស់​បេសកជន​អា​មេ​រិ​ក​ទាំង​២​រូប ​នៅ​ក្រុង​គៀវ ដែល​នឹង​ជា​លើក​ដំបូង​ចាប់តាំងពី​រុ​ស្ស៊ី​​វាយប្រហារ​អ៊ុយ​ក្រែ​ន ​ពី​ខែ កុម្ភៈ​ ឆ្នាំ​២០២២​ មក​ ។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មានការ​ចរចា​ដោយ​ផ្ទាល់​ជា​ច្រើន​រវាង​រុ​ស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អា​មេ​រិ​ក តែ​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ ហើយ​ពេល​នេះ​ អា​មេ​រិ​ក​កាន់តែ​រយាល​ដៃ​ថែម​ទៀត ព្រោះតែ​ក្រុង​វ៉ា​ស៊ី​​ន​តោន​ជាប់​ផ្ដោត​លើ​សង្គ្រាម​នៅ​អ៉ី​​រ៉​ង់ ​។

រុ​ស្ស៊ី​​បាន​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ​ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​ និង​របួស​នៅ​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន​បាន​តបត​វិញ​ដោយ​វាយប្រហារ​ជា​ទៀងទាត់​លើ​បណ្ដា​គោលដៅ ក្នុង​តំបន់​កាន់កាប់​និង​ក្នុង​ដែនដី​រុ​ស្ស៊ី​ផង​ដែរ ​ដោយ​ប្រើ​ជា​ពិសេស​​ដ្រូ​ន​ ៕