ប្រទេសហ្វ៊ីលីពីន ៖ ការរញ្ជួយដីខ្លាំងមួយកម្លាំងដល់៧,៨រីស្ទ័រ កាលពីថ្ងៃព្រឹកថ្ងៃទី៨ មិថុនា បណ្ដាលឲ្យមនុស្សស្លាប់កើនដល់យ៉ាងតិច៣៥នាក់ របួស១៣៤នាក់ ហើយប្រមាណជា១០នាក់បាត់ខ្លួន និងអគារជាច្រើនត្រូវបាក់នៅភាគខាងត្បូងហ្វ៊ីលីពីន។ ការរញ្ជួយដីខ្លាំងនោះ បណ្ដាលឲ្យមានការប្រកាសអាសន្នស៊ូណាមីក្នុងតំបន់ប៉ាស៊ីហ្វិក តែពេលនេះ ការប្រកាសអាសន្ននោះបានលុបចោលវិញហើយ ។

ការរញ្ជួយដីនោះ ដែលមានការរញ្ជួយបន្តបន្ទាប់ច្រើនទៀត កើតមាននាវេលាម៉ោង៧ និង៣៧នាទីព្រឹកម៉ោងក្នុងស្រុក នៅភាគខាងត្បូងហ្វ៊ីលីពីនក្នុងជម្រៅ៥៥គីឡូម៉ែត្រ ។ អាជ្ញាធរហ្វ៊ីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបានអំពាវនាវដល់ប្រជាជននៅតាមបណ្ដាតំបន់ឆ្នេរសមុទ្រ ឲ្យជម្លៀសខ្លួនចេញទៅកាន់តំបន់ខ្ពស់ក្រោយការរញ្ជួយដីនេះ ដែលចំណុចកណ្ដាលរបស់វាស្ថិតនៅចម្ងាយប្រមាណជា២៤គីឡូម៉ែត្រ ក្នុងដែនទឹកនៃខេត្តសារ៉ានហ្គានីលើកោះមីនដាណាវភាគខាងត្បូងហ្វីលីពីន ។

វិទ្យាស្ថានប្រកាសអាសន្នស៊ូណាមីនៅប៉ាស៊ីហ្វិក មានមូលដ្ឋាននៅកោះហាវ៉ៃបានព្រមានពីគ្រោះថ្នាក់នៃរលកយក្សស៊ូណាមី តាមបណ្ដោយឆ្នេរសមុទ្រហ្វ៊ីលីពីន ឥណ្ឌូនេស៊ី តៃវ៉ាន់និងរហូតដល់ជប៉ុន។ ប៉ុន្តែនារសៀលថ្ងៃទី៨ មិថុនា អាជ្ញាធរហ្វ៊ីលីពីននិងឥណ្ឌូណេស៊ីបានលុបចោលការប្រកាសអាសន្ននេះវិញហើយ ៕

ចែករំលែកព័តមាននេះ