ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការពារជាតិកម្ពុជា តបតទៅសារព័ត៌មានថៃ ៖ កម្ពុជាមិនដែលបដិសេធយន្តការទ្វេភាគី និងមិនបង្កើនទ័ពធ្វើសង្គ្រាមឡើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ប្រកាស​ច្រាន​ចោលការ​លើក​ឡើង​របស់​សារព័ត៌មាន និង​បុគ្គល​មួយ​ចំនួន​នៅ​ថៃ​ថា «​ក្រសួងការពារជាតិ​កម្ពុជា បដិសេធ​យន្តការ​ទ្វេភាគី ព្រមទាំង​កំពុង​បង្កើន​ទ័ព និង​សព្វាវុធ ដើម្បី​បង្ក​សង្គ្រាម​ក្នុង​ពេល​ឆាប់​ៗ» ។

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា​បាន​លើក​ឡើង​ថា «​មួយ​រយៈ​នេះ ខ្ញុំ​បាន​កត់​សម្គាល់ថា មាន​សារព័ត៌មាន និង​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​តែ​ព្យាយាម​បញ្ចេញ​សារ​មួយ​ដែរ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បដិសេធ​ការ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ព្រមទាំង​កំពុង​បង្កើន​ទ័ព និង​សព្វាវុធ ដើម្បី​បង្ក​សង្គ្រាម​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

ប្រមុខ​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​អំពី​ចំណុច​ខាងលើ​ថា កម្ពុជា​នៅ​តែ​ប្រកាន់ខ្ជាប់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដោយ​គោរព​តាម​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​យន្តការ​នានា​ដែល​មាន​ស្រាប់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​សង្ឃឹមថា ភាគី​ទាំង​ពីរ​នឹង​អាច​ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី និង​បញ្ចៀស​ឱ្យ​បានជា​ដាច់ខាត់​នូវ​ការ​ប្រើប្រាស់​កម្លាំងយោធា​៕