មន្ត្រីជំនាញ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងបូសខ្យល់ដល់សត្វគោរបស់កសិករក្នុងស្រុកភ្នំស្រួច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ពីលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ សត្វគោញី-ឈ្មោល តូច ធំ របស់ប្រជាកសិករប្រមាណជិត២០០ក្បាល ត្រូវបាន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រចាំការស្រុកភ្នំស្រួច បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីកសិកម្មឃុំគីរីវន្ត ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងបូសខ្យល់ជូនដល់កសិករចិញ្ចឹមគោ ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ។
មន្ត្រីជំនាញបានឲ្យដឹងថា ការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងបូសខ្យល់ជូនដល់កសិករដែលចិញ្ចឹមសត្វគោ ក្របីក្នុងស្រុកភ្នំស្រួចនេះ ដើម្បីការពារ និងទប់ស្កាត់ជំងឺ ព្រោះរដូវវស្សា ហើយសត្វគោ ក្របីតែងតែកើតជំងឺស្ទើរតែជារៀងរាល់ឆ្នាំ ទើបលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺណែនាំ ឱ្យមន្ត្រីជំនាញចុះចាក់ដើម្បីការពារឱ្យបានមុន ដូចពាក្យចាស់ពោលថា (ការពារប្រសើរជាងព្យាបាល)។
ជាលទ្ធផល មន្ត្រីជំនាញបានចាក់ វ៉ាក់សាំងការពារសត្វគោទាំងញី ទាំងឈ្មោល តូច ធំ សរុបចំនួន១៧៥ក្បាល ហើយមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ប្រជាកសិករដែលមានសត្វចិញ្ចឹម គោ ក្របី បង្កើនយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់សត្វជាប្រចាំ។ ក្នុងករណីមានសត្វឈឺច្រេីនខុស ប្រក្រតី សូមរាយការណ៍ មកភ្នាក់ងារសុខភាពសត្វភូមិ មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបសុព្យាបាលខេត្តកំពង់ស្ពឺ ដេីម្បីសុំកិច្ចអន្តរាគម៍ន៍ជាបន្ទាន់ផងដែរ ៕





ចែករំលែកព័តមាននេះ