ឆែកព្រមគ្នាយប់មិញ ៨៥ទីតាំង ! ចុះឆែកទីតាំងសង្ស័យបទល្មើសបច្ចេកវិទ្យានៅភ្នំពេញ និងឃាត់ជនបរទេស៣៤នាក់គ្មានលិខិតឆ្លងដែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រតិបត្តិការបន្តចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន៨៥ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុប ចំនួន៦៦៥នាក់ និងគ្មានលិខិតឆ្លងដែន៣៤នាក់ ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅ សរុបចំនួន ៦៦៥នាក់ (ស្រី២៣២នាក់) និងអ្នកគ្មានលិខិតឆ្លងដែនចំនួន៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារមិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ។

លោកស្រី ដោ សម្ផស្ស បន្តថា ៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកស្រីអ្នកនាំពាក្យបានបន្តថា ៖ ជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន១ទីតាំង មនុស្សចំនួន១២នាក់ គិតជាថវិកាសរុបបានចំនួន ៤៨.០០០.០០០រៀល ៕











ចែករំលែកព័តមាននេះ