រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីល្បិចឆបោកទាក់ទងនឹងឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានស្ថានទូតប្រកាសជាសាធារណៈនៅថ្ងៃទី២៨ កុម្ភៈ ដោយសរសេរថា ផ្នែកកុងស៊ុលរបស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមបញ្ជាក់ពីក្តីកង្វល់ស្តីពីអ៊ីម៉ែល ដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានទទួលក្នុងពេល ថ្មីៗនេះ ហើយដែលអ៊ីម៉ែលនោះ អះអាងថា ត្រូវបានផ្ញើក្នុងនាមក្រសួងការបរទេស ឬការិយាល័យកិច្ចការកុងស៊ុលរបស់សហរដ្ឋអាមេរិក ។ អ្នកទទួលបានសារអ៊ីម៉ែលហើយដែលក្នុងសារអ៊ីម៉ែលនោះ បាននិយាយពីឆ្នោតផ្សងសំណាង ឬការសន្យាផ្តល់សិទ្ធិរស់នៅស្របច្បាប់(Green Card) គួរយល់ថា សារទាំងនោះគឺជាសារមិនត្រឹមត្រូវនិងក្លែងបន្លំ ។ ប្រជាពលរដ្ឋកម្ពុជាដែលបានទទួលអ៊ីម៉ែលបែបនេះ គួរផ្ញើអ៊ីម៉ែលនោះបន្តទៅផ្នែកទិដ្ឋាការអន្តោប្រវេសន៍ របស់ស្ថានកុងស៊ុលនៃស្ថានទូតអាមេរិក តាមអាសយដ្ឋាន IVPhnomPenh@ state.gov ។
ស្ថានកុងស៊ុលសូមធ្វើការបញ្ជាក់លើចំណុចចំនួន២ដូចខាងក្រោមនេះ ៖
១-សេចក្តីជូនដំណឹងទាក់ទងនឹងឆ្នោតផ្សងសំណាងមិនត្រូវបានផ្ញើតាមអ៊ីម៉ែលទេ ។ អ៊ីម៉ែលដែលប្រាប់ថា លោកអ្នកបានជាប់ឆ្នោត ឬបានទទួលសិទ្ធិស្នាក់នៅស្របច្បាប់ (Green Card) ក្នុងសហរដ្ឋអាមេរិកគឺមិនត្រឹមត្រូវទេ ។ អ្នកដាក់ពាក្យចូលរួមលេងឆ្នោតផ្សងសំណាង អាចឆែកមើលលទ្ធផលនៃការលេងឆ្នោតផ្សងសំណាងរបស់គេ ដោយចូលមើលគេហទំព័ររបស់យើងដែលមានអាសយដ្ឋាន http://www.dvlottery.state. gov/ សម្រាប់ឆ្នោតផ្សងសំណាងឆ្នាំ២០១២ ក្រោយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ។ គ្មានអង្គការឬក្រុមហ៊ុនណាមួយត្រូវបានគេអនុញ្ញាតឱ្យជូនដំណឹងដល់អ្នកចូលរួមលេងឆ្នោតពីការឈ្នះឆ្នោត ឬជំហានបន្ទាប់ក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការរបស់គេនោះទេ។
២-មានតែគេហទំព័រដែលនៅខាងចុងអក្សរ «.gov» ទេ ដែលជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ បើលោក-អ្នក ទទួលអ៊ីម៉ែលមានអាសយដ្ឋានៅខាងចុងសរសេរថា «.com» «.net» «.org» ឬអ្វីផ្សេងទៀតក្រៅពី «.gov» សូមចាំថា វាមិនមែនជាអ៊ីម៉ែលត្រឹមត្រូវពីស្ថានទូតឬក្រសួងការបរទេសសហរដ្ឋអាមេរិកនោះឡើយ ។
គេហទំព័រខ្លះបានព្យាយាមបោកបញ្ឆោតសាធារណជនឱ្យគិតថា គេមានការឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយពួកគេបានបញ្ជូលទង់ជាតិសហរដ្ឋអាមេរិក ឬរូបថតនៃអគាររដ្ឋាភិបាលសហរដ្ឋអាមេរិកជាដើម ។ គេហទំព័រទាំងនោះ មិនមែនជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ។ គេហទំព័រក្លែងបន្លំទាំងនេះ អាចតម្រូវឱ្យលោកអ្នកបង់ប្រាក់សម្រាប់សេវា ដែលតាមពិត គេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក http://www.state.gov/ និង travel. state.gov មិនមែនតម្រូវឱ្យមានការបង់លុយនោះទេ ។ ព័ត៌មានបន្ថែម សូមបើកមើល គេហទំព័ររបស់ស្ថានទូតអាមេរិកតាមរយៈ អាសយដ្ឋាន ៖ http://cambodia.usem bassy.gov/
ចែករំលែកព័តមាននេះ