ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ការ​ទូត​ស៊ុយ​អែតចាប់អារម្មណ៍​​ពីសក្តានុ​ពល​ទេស​ចរណ៍​នៃប្រទេសកម្ពុជា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ Anne HÖGLUNG ឯក​អគ្គ​​រាជ​ទូត​​​ថ្មី​ប្រទេស​ស៊ុយ​អែត ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​​​​លោក​ជំទាវ​​ស្រឡាញ់​​ជា​យូរ​មក​ហើយ ហើយ​អ្វី​ដែល​លោក​ជំទាវ​ចាប់​អារម្មណ៍​នោះ គឺ​សក្តានុ​ពល​វិនិ​យោគ​លើ​វិស័យ​ទេស​ចរណ៍​ ព្រោះ​​ប្រទេស​មួយ​នេះ​ពោរ​ពេញ​ដោយ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល និង​ប្រាសាទ​បុរាណ​ជា​ច្រើន​​ដែល​អ្នក​ទេស​ចរ​ចូល​ចិត្ត។ ម្យ៉ាង​ទៀត​លោក​ជំទាវ​ក៏​បាន​ចាប់​អារម្មណ៍​ផង​ដែរ ចំពោះ​​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​នៅ​កម្ពុជាបច្ចុ​ប្បន្ន។

លោក​ជំទាវ​​​ឯក​អគ្គ​រាជ​​ទូត​ថ្មី​នៃ​ប្រទេស​ស៊ុយ​អែត ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​​ចូល​ជួប​​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​ជំទាវ ស៊ុន សា​ភឿន ​រដ្ឋ​​លេខា​ធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១១ នៅ​​ទី​ស្តី​ការ​​ក្រសួង​​ការ​បរទេស។ លោក​ជំទាវ Anne HÖGLUNG មាន​ប្រសាសន៍​ថា កម្ពុជា និង​ស៊ុយ​អែត មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​​​តាំង​ពី​​យូរ​មក​ហើយ ​ហើយ​ប្រទេស​ស៊ុយ​អែត​ក៏​បាន​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​ជា​ច្រើន​​ ដូច​ជា​គ្រប់​គ្រង​​​រដ្ឋ​បាល​ សេដ្ឋ​កិច្ច អភិ​វឌ្ឍន៍​ជន​បទ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​វិស័យ​​​សង្គម​កិច្ច​ សុខា​ភិបាល និង​ជំនួយ​មនុស្ស​ធម៌ ។
​លោក​ជំទាវ​ ស៊ុន សាភឿន ​មាន​ប្រសាសន៍​​ថា កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​គឺ​មាន​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​​ទាំង​នយោ​បាយ​ សន្តិ​សុខ និង​សេដ្ឋ​កិច្ច​ ។ ទន្ទឹម​​នោះ ​លោក​ជំទាវ​ក៏​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​​បញ្ហា​​ទំនាស់​ព្រំ​ដែន​រវាង​កម្ពុជា-ថៃ ​ផង​ដែរ ដែល​ប្រទេស​ថៃ គឺ​ជា​អ្នក​​បង្ក​ហេតុ​​មុន ដោយ​​ភាគី​ថៃ​បាន​បង្ហាញ​នូវ​មហិ​ច្ឆ​តា​​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ ​ដែល​ជា​បេតិ​ក​ភណ្ឌ​ពិភព​លោក​ និង​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​កម្ពុជា ។

ក្នុង​ជំនួប​នោះ​​​ដែរ​ ​លោក​ជំទាវ​បាន​សំណូម​ពរ​ឱ្យ​ប្រ​ទេស​ស៊ុយ​អែត ​បន្ត​​ជួយ​​​កម្ពុជា​​​លើ​គ្រប់​ផ្នែក​​ដែល​ស៊ុយ​អែត​បាន​ជួយ​កន្លង​​មក ជា​ពិសេស​ជួយ​ជំរុញ​​​វិនិ​យោ​គិន​ឱ្យ​​មក​បណ្តាក់​ចុះ​វិនិយោគ​សំខាន់​​លើ​វិស័យ​កសិ​កម្ម និង​​ឧស្សាហ​កម្ម​​​ នៅ​​ពេល​ដែល​កម្ពុជា ពុំ​ទាន់​​មាន​បច្ចេក​ទេស​ខ្ពស់​​លើ​ផ្នែក​​ផលិត​ចំណី​អាហារ​​ដើម្បី​នាំចេញ និង​ពុំ​ទាន់​មាន​ម៉ាស៊ីនកិន​​ស្រូវ​ទំនើប​​ដែល​អាច​ផលិត​អង្ករ​ឱ្យ​​បាន​តាម​ស្តង់​ដាទី​​ផ្សារ​អន្តរជាតិ ។ ​​ជា​មួយ​នេះ​ជួយ​ជំរុញ​ទេស​ចរ​មក​​កាន់​កម្ពុជា ឱ្យ​បាន​​ច្រើន និង​គាំទ្រ​​បេក្ខ​ភាព​​កម្ពុជា​​ជា​សមា​ជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​អាណត្តិ​​២០១៣-២០១៤ ដែល​ការ​​បោះ​ឆ្នោត​​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​មហា​សន្ន​ិ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នា​ឆ្នាំ​២០១២ ខាង​មុខ៕