ខេត្តកំពង់ចាម ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្សពួក៣នាក់ បានត្រូវកម្លាំងនគរបាលក្រុងសួងឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ មីនា ២០១១ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខណៈយកម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០១០ មកលក់មិនមានឯកសារអ្វីទាំងអស់ ហើយក្រោយមកទើបធ្លាយជាករណីកាច់សោ.កម៉ូតូយកមកពីស្រុកអូររាំងឪ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសួងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រីលាង អេង អធិការនគរបាលក្រុងសួងបានប្រាប់ថា មានអ្នកទិញម៉ូតូម្នាក់បានរាយការណ៍មកកាន់រូបលោកថា មានមនុស្សចំនួន៣នាក់ជិះម៉ូតូ១គ្រឿងខាងលើ យកមកលក់ដោយមិនមានលិខិតស្នាម តែមិន ទាន់និយាយពីតម្លៃទេ ហើយដោយមានការ សង្ស័យក៏បានទូរស័ព្ទមកប្រាប់ ។ ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម រូបលោកបានចាត់ឱ្យកម្លាំងក្រោមឱវាទចុះទៅសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់សួងទៅកាន់កន្លែងនោះជាបន្ទាន់ ។ ពេលសមត្ថកិច្ចទៅដល់ ជនម្នាក់ឈ្មោះឆូយ បានរត់គេចខ្លួនបាត់និងឃាត់ខ្លួនបាន២នាក់ គឺឈ្មោះជឿន ការូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃ ឃុំជាំក្រវៀន ស្រុកមេមត់ និងឈ្មោះថន សុក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបង្ហោយហួស ឃុំ-ស្រុកជាមួយគ្នា ព្រមទាំងបានដកហូតម៉ូតូ១គ្រឿងធុនសេ១២៥ បញ្ជូនមកកាន់អធិការដ្ឋានក្រុងសួង ។ ក្រោយពីត្រូវឃាត់ខ្លួនក្រុមនេះឆ្លើយសារភាពថា ម៉ូតូនេះត្រូវបានឈ្មោះឆូយ ជាអ្នកកាច់សោ.កយកមកពីស្រុកអូររាំងឪ ។
ចំណែកលោកអនុសេនីយ៍ឯកញ៉ែម សុខុម អធិការនគរបាលស្រុកអូររាំងឪវិញបានប្រាប់ថា ម៉ូតូសេ១២៥ នេះជាកម្មសិទ្ធិរបស់បុរសឈ្មោះ សៅ សុផា អាយុ៣២ឆ្នាំ រស់នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ត្រូវបានក្រុមសាច់ញាតិជិះចេញពីផ្ទះមកលេងផ្ទះមិត្តភក្តិនៅក្នុងភូមិ ជាមួយគ្នា កាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី៥មីនា ហើយពេលឈប់បានចាក់សោត្រឹមត្រូវ ប៉ុន្តែគ្រាន់តែចូលទៅបានបន្តិចប៉ុណ្ណោះ ក៏ត្រូវក្រុមចោរកាច់សោ.កជិះយកទៅបាត់។ បន្ទាប់មកម្ចាស់ម៉ូតូបានប្តឹងមករូបលោកដើម្បីឱ្យជួយអន្តរាគមន៍តាមរក ហើយក្នុងប្រតិបត្តិការតាមរកនោះបានទាក់ទងជាមួយនឹងស្រុក៦ដែលមានភូមិសាស្រ្តនៅជាប់ជាមួយស្រុកអូររាំងឪ តែមិនទទូលបានលទ្ធផលទេ ព្រោះយប់ទៅហើយ ។ នារសៀលថ្ងៃទី១២ មីនា ស្រាប់តែលោកអធិការនគរបាលក្រុងសួងបានទូរស័ព្ទមកប្រាប់ពីការចាប់បានជនសង្ស័យ២នាក់ដោយដកហូតបានម៉ូតូ១គ្រឿងដូចខាងលើ និងបានប្រាប់លេខម៉ាស៊ីនម៉ូតូផងនោះ ធ្វើឱ្យ ស្គាល់ថា ពិតជាម៉ូតូដែលបានបាត់កាលពីថ្ងៃទី៥ មីនានោះមែន ។
លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌មានប្រសាសន៍ថា ក្នុងពេលកម្លាំងនគរបាលក្រុងសួងចាប់ជនសង្ស័យទាំង២នាក់ ក្នុងចំណោមបក្សពួក៣នាក់ដំបូងគេមិនដឹងថាម៉ូតូនោះត្រូវបានកាច់សោ.កយកមកពីទីណានោះទេ ។ ប៉ុន្តែតាមចម្លើយសារភាពនិងការប្រកាសសួររក ក្រោយមកទើបដឹងថា ម្ចាស់ម៉ូតូដែល បាត់នោះរស់នៅស្រុកអូររាំងឪ ហើយជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានប្រគល់ឱ្យទៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪចាត់ការទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ