រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបាននៅដំណាច់ឆ្នាំ២០២៥ ។ ដូច្នេះចាប់ពីពេលនេះទៅយើងត្រូវដំណើរការរហូត១៤ឆ្នាំដើម្បីបំបាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បែបនេះនារសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ក្នុងឱកាសបិទសន្និបាតសុខាភិបាលលើកទី៣២ និងការពិនិត្យឡើងវិញរួមគ្នានៃសមិទ្ធផលវិស័យសុខាភិបាលលើកទី៩ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញថា បើយោងទៅលើផែនទី បានឱ្យដឹងថា មានតំបន់ខ្លះគ្មានជំងឺគ្រុនចាញ់ទេ ដូចជាខេត្តកណ្តាល ខេត្តព្រៃវែង ស្វាយរៀង ហើយជំងឺគ្រុនចាញ់ក៏បានថយខ្លះទៅហើយ ប៉ុន្តែទោះបីជាមានការថយចុះក៏ដោយ យើងត្រូវមានយុទ្ធនាការនិងសកម្មភាពប្រទាក់ក្រឡាគ្នាដើម្បីធ្វើឱ្យជំងឺគ្រុញចាញ់ធ្លាក់ចុះ ហើយនឹងឈានទៅរកអត្រាសូន្យ នៃជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ។
សម្តេចមានប្រសាសន៍បន្តថា សម្រាប់ខ្ញុំ មានសុទិដ្ឋិនិយមថាដល់ឆ្នាំ២០២០ឬ២០២១ សឹងថា អាចបំបាត់អស់ ប៉ុន្តែយើងត្រូវទុករយៈពេលរបស់ជំងឺ ដូចជាជំងឺគ្រុនស្វិតដៃ-ជើងដូច្នេះដែរ ដើម្បីឱ្យវាមានភាពស៊ាំរបស់វា ទើបយើងអាចដោះស្រាយបាន។ ខ្ញុំមានជំនឿជឿជាក់ថា ឥឡូវនេះស្ថានភាពរបស់យើង ហើយការឃោសនា ការផ្សព្វផ្សាយអំពីការប្រើមុងជ្រលក់ថ្នាំការពារ ក៏ឃើញថាមានប្រសិទ្ធភាព ។ រឿងទាំងនេះមិនមែនជារឿងថ្មីទេ គឺជារឿងចាស់ដែលយើងបន្តសកម្មភាព ។ ការបន្តសកម្មភាពលើកនេះជាការបន្តដោយមានផែនទីចង្អុលផ្លូវសម្រាប់ដំណើរការទាំងអស់គ្នា ។ នេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រទេសរបស់យើង មិនអន់ជាងសកម្មភាពដទៃទេ ។
ទាក់ទិននឹងការឈានទៅបំបាត់នូវជំងឺទាំងឡាយដែលនៅក្នុងប្រទេសកម្ពុជាទទួលការព្យាបាលជំងឺរបេងការព្យាបាលដូចជាមានការលំបាកបន្តិច ក៏ប៉ុន្តែដូចជា កញ្ជ្រឹល គឺអាចមានលទ្ធភាពព្យាបាល ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អ្វីដែលក្រសួងមានលទ្ធភាពក្នុងការព្យាបាល ត្រូវដាក់ចេញជាផែនការកំណត់គោលដៅដើម្បីឈានឆ្ពោះទៅមុខ ។ ចំពោះផែនការកំណត់ទិសដៅគឺមានរយៈពេល៣អាណត្តិរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះការដាក់ចេញចក្ខុវិស័យនេះសម្តេចតេជោបានស្នើសុំបណ្តាបក្សនយោបាយណាឈ្នះឆ្នោត គឺបើចង់អនុវត្តបន្តទៅទៀត ក៏អនុវត្តទៅ មិនអនុវត្តទេក៏ហីទៅ ។ ប៉ុន្តែនៅក្នុងអាណត្តិរបស់ខ្ញុំនេះ ក្រសួងសុខាភិបាលក៏បានដាក់ចេញទិសដៅទៅ ហើយរឿងបំបាត់ជំងឺគ្រុនចាញ់នេះមិនមែនបំបាត់ជំងឺតែខ្លួនខ្ញុំទេ គឺបំបាត់ឱ្យចេញពីប្រជាពលរដ្ឋពីមនុស្សទាំងអស់កុំឱ្យមានជំងឺគ្រុនចាញ់នៅកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការដោះស្រាយចំពោះបញ្ហាសុខភាពសាធារណៈ ត្រូវតែឈរលើមូលដ្ឋានមនុស្សធម៌ និងគោលការណ៍បច្ចេកវិជ្ជា ដោយការវិភាគល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនូវបណ្តាមូលហេតុ និងអត្តសញ្ញាណនៃរោគវិនិច្ឆ័យ និងត្រូវធ្វើសកម្មភាពព្យាបាលជួយសង្គ្រោះឱ្យទាន់ពេលវេលា ដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ។ ជាថ្មីម្តងទៀត សម្តេចបានធ្វើការណែនាំដល់ក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់និងអនុវត្តវិធានការទាំងនោះឱ្យមានប្រសិទ្ធភាពតាមរបៀបដូចភ្លៀងរលឹម និងដោយសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីលុបបំបាត់និងទប់ស្កាត់នូវឱសថ និងឧបករណ៍ សំភារ បរិក្ខារ ពេទ្យដែលខូចគុណភាព និងបណ្តាគ្រឹះស្ថានផលិត លក់ឱសថ និងព្យាបាលអ្នកជំងឺដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ ។ ការខ្វះចន្លោះ ឬការធ្វេសប្រហែសចំពោះកិច្ចការនេះ នឹងបង្កនូវផលប៉ះពាល់ជាអវិជ្ជមានដល់អាយុជីវិតប្រជាជននិងសង្គមជាតិទាំងមូល
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការកសាងបាននូវប្រព័ន្ធសុខាភិបាលសាធារណៈមួយដែលអាចជឿទុកចិត្តបានគឺចាំបាច់ត្រូវមានការគាំទ្រគ្រប់គ្រាន់ទាំងក្នុងក្របខណ្ឌបច្ចេកទេស សំភារបរិក្ខារ និងសមត្ថភាពស្ថាប័ន ។ ដូច្នេះក្រសួងសុខាភិបាល និងភ្នាក់ងារពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ឱ្យហ្មត់ចត់ លើកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ ដើម្បីបញ្ជូនសេវាសាធារណៈឱ្យខិតចូលកាន់តែជិតទៅនឹងប្រជាជន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ។
ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាអន្តរវិស័យ ដូចជាផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ និងគ្រោះមហន្តរាយប៉ះពាល់ទៅលើមនុស្ស សត្វ វិស័យសេដ្ឋកិច្ច កសិកម្ម ទឹកនិងបរិស្ថាន ក្រសួងសុខាភិបាលត្រូវត្រៀមលក្ខណសម្បត្តិទុកជាមុនឱ្យបានគ្រប់គ្រាន់ ពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ និងរួមគ្នាយកចិត្តទុកដាក់ឱ្យបានជាស្រេចនៅក្នុងកិច្ចការផ្តល់សេវាពិគ្រោះយោបល់ ពិនិត្យតាមដានសុខភាព និងព្យាបាលជំងឺជូនប្រជាជន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីត្រៀមបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិប រមានូវឥទ្ធិពលនៃគ្រោះមហន្តរាយនានា ដែលអាចកើតមានចំពោះប្រជាជន ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា អង្គសន្និបាតដំណើរការតាមកម្មវិធីដែលបានគ្រោងទុកក្នុងបរិយាកាសសហភាតរៈ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាប្រកបដោយន័យស្ថាបនា ។ ក្នុងឆ្នាំ២០១០ មន្ត្រី បុគ្គលិកសុខាភិបាលទូទាំងប្រទេស មានចំនួនសរុប១៨.៣០២នាក់ និយ័តកម្មសេវាឯកជនសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ ការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាពសម្រេចតាមផែនការ ។ ក្រសួងបានត្រៀមបម្រុងជាស្រេចនូវក្រុមវេជ្ជសាស្ត្រ ព្រមទាំងឱសថបរិក្ខារពេទ្យសម្រាប់ការឆ្លើយតបជាបន្ទាន់ដល់ជំងឺរាតត្បាត ឬគ្រោះមហន្តរាយជាយថាហេតុ ។
លោកវេជ្ជបណ្ឌិតរដ្ឋមន្ត្រីបន្តថា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងវឌ្ឍនភាពនៃវិស័យផ្សេងទៀត បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពវិស័យសុខាភិបាល។ ទិសដៅឆ្នាំ២០១១ ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលនៃរាជរដ្ឋាភិបាល២០០៨-២០១៥សកម្មភាពជាអាទិភាពចម្បងគឺបន្តអនុវត្តផែនការដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតានិងទារក ក្នុងនោះមានការសម្រាលកូនដោយឆ្មបជំនាញ ពង្រីកសេវាសង្គ្រោះ សម្ភពបន្ទាន់ និងថែទាំទារក និងពង្រីកសេវាពន្យារកំណើតរយៈពេលមធ្យម ព្រមទាំងបង្កើនយុទ្ធនាការផ្តល់ថ្នាំបង្ការបន្ថែម ដើម្បីឈានទៅលុបបំបាត់ជំងឺកញ្ជ្រឹល និងតេតាណូសលើមាតា និងកុមារនៅឆ្នាំ២០១២ ។ បន្តគ្រប់គ្រងការចម្លងនៃមេរោគអេដស៍ របេង និងអនុវត្តផែនការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ។ ពង្រឹងវិធានការបង្ការ ពង្រីកការគ្របដណ្តប់ និងកែលម្អ គុណភាព សេវាថែទាំ ព្យាបាលជំងឺឆ្លង និងជំងឺមិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងបង្កើនប្រសិទ្ធភាពអន្តរាគមន៍សុខភាពសាធារណៈ ។
បន្តពង្រីកនិងពង្រឹងប្រព័ន្ធសុខាភិបាល ដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព បំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើប បន្តផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យឱ្យបានសមស្រប តាមផែនការអភិវឌ្ឍធនធានមនុស្ស និងព័ត៌មានវិទ្យា ពង្រីកមូលនិធិសមធម៌ ឧបត្ថម្ភធនសម្រាប់ប្រជាជនក្រីក្រ បន្តលុបបំបាត់ឱ្យបានទាំងស្រុង សេវាឯកជនខុសច្បាប់ ពង្រឹងការគ្រប់គ្រងបុគ្គលិក និងពង្រាយបុគ្គលិកទៅជនបទ ព្រមទាំងក្រមសីលធម៌ និងបន្តពង្រីកកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ៕
ចែករំលែកព័តមាននេះ