ក្រសួងសុខាភិបាលជប៉ុនរាយការណ៍កាលពីថ្ងៃទី២០ មីនា ថា បានចេញការណែនាំដល់ប្រជាជននៃភូមិមួយស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រភាគពាយ័ព្យនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី កុំឱ្យផឹកទឹករ៉ូប៊ីណេដោយសារមានអត្រាខ្ពស់នៃអ៊ីយ៉ូដវិទ្យុសកម្ម។
អ្នកនាំពាក្យក្រសួងនេះលោកតាកាយូគី ម៉ាតស៊ូដា បញ្ជាក់ថា កំរិតខ្ពស់នៃអ៊ុយ៉ូដវិទ្យុសកម្មមាន៣ដងខ្ពស់ជាងកំរិតធម្មតាត្រូវបានវាស់ឃើញក្នុងទឹករ៉ូប៊ីណេនៅលីតាតជាភូមិមួយមានប្រជាជន៦.០០០នាក់។ ក៏ប៉ុន្តែកំរិតនោះតំណាងឱ្យវិទ្យុសកម្មកំរិតទី២៦អង្សានៃវិទ្យុសកម្មពេលធ្វើការថតដើមទ្រូងហើយពុំចោទជាគ្រោះថ្នាក់ដល់សុខភាពមនុស្សឡើយ។
ការតស៊ូរបស់មនុស្ស៣០០នាក់ដែលផ្លាស់ប្តូរវេនគ្នាដើម្បីធ្វើឱ្យត្រជាក់ដល់បណ្តារេអាក់ទ័រនិងគ្រឿងឆេះនុយក្លេអ៊ែរហាក់ដូចជាទទួលបានផ្លែផ្កា។ កាលពីថ្ងៃទី២០ មីនា សភាពការណ៍ហាក់ដូចជាមានស្ថេរភាពនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូសីុម៉ា។
ចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញកាលពីថ្ងៃទី២០ មីនា ក្នុងរេអាក់ទ័រទី២។ បណ្តាវិស្វករពេលនេះសង្ឃឹមថា នឹងអាចដាក់ឱ្យដំណើរការឡើងវិញនូវបន្ទប់ត្រួតពិនិត្យ ហើយជាពិសេសអាចជំរុញដល់ការស្តារឡើងវិញបន្តិចម្តងៗនូវប្រព័ន្ធធ្វើឱ្យត្រជាក់ដល់បណ្តារេអាក់ទ័រ។ ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មមជ្ឈមណ្ឌលនុយក្លេអ៊ែរនោះនិយាយថា ប្រការនោះអាចប្រើពេលជាច្រើនថ្ងៃទៀត។ កាលពីថ្ងៃទី១៩ មីនា កន្លងមកនេះបណ្តារថយន្តពន្លត់ភ្លើងបានបាញ់ទឹកលើរេអាក់ទ័រលេខ៣។ ប្រការនេះអាចធ្វើឱ្យត្រជាក់ដល់គ្រឿងឆេះនុយក្លេអ៊ែរដែលនៅឆេះ។
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូកានប្រកាសថា លោកនឹងទៅពិនិត្យតំបន់ទាំងឡាយនៅភាគឥសានដែលរងការប៉ះពាល់ខ្លាំងដោយការរញ្ជួយដី និងស៊ូណាមីនាថ្ងៃទី២១ មីនា ។ លោកក៏នឹងទៅកាន់តំបន់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាផងដែរ ៕
ចែករំលែកព័តមាននេះ