ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាំ​សណ្តែក​បាយខុសរដូវ​តែអាច​ទទួល​ផល​ដូចគ្នាទាំង​ប្រាំង-វស្សា​

12 ឆ្នាំ មុន

​ខេត្តប៉ៃលិន​​​ ៖ ​​សណ្តែក​បាយ​​គឺជា​ដំណាំ​មួយ​ប្រភេទ ​​មានលក្ខណៈ​មិនខុស​​ពី​ដំណាំ​​ផ្សេងៗ​ទៀត​ប៉ុន្មានដែរ​​​ ​ដោយសារ​ដំណាំ​​នេះ​មាន​ដើម​​នៅទាប​លើ​ដី និង​មានផ្លែ​​​បន្ទាប់​ពីផ្កា​​រួច។ ​ចំណែក​​ការដាំ​មិន​ពិបាកក្នុង​​ការ​ថែទាំ​ស្រោច​​ទឹក​​ទេ វាអាច​រស់នៅបាន​​​ដោយសារ​ទឹក​​ភ្លៀង​​ ឬទឹក​សន្សើម។​ ​លើសពីនេះ​ទៅទៀត ​​សណ្តែក​​បាយ​​​ត្រូវ

ខេត្តប៉ៃលិន​​​ ៖ ​​សណ្តែក​បាយ​​គឺជា​ដំណាំ​មួយ​ប្រភេទ ​​មានលក្ខណៈ​មិនខុស​​ពី​ដំណាំ​​ផ្សេងៗ​ទៀត​ប៉ុន្មានដែរ​​​ ​ដោយសារ​ដំណាំ​​នេះ​មាន​ដើម​​នៅទាប​លើ​ដី និង​មានផ្លែ​​​បន្ទាប់​ពីផ្កា​​រួច។ ​ចំណែក​​ការដាំ​មិន​ពិបាកក្នុង​​ការ​ថែទាំ​ស្រោច​​ទឹក​​ទេ វាអាច​រស់នៅបាន​​​ដោយសារ​ទឹក​​ភ្លៀង​​ ឬទឹក​សន្សើម។​ ​លើសពីនេះ​ទៅទៀត ​​សណ្តែក​​បាយ​​​ត្រូវ​បាន​គេដាំ​ស្ទើរ​តែ​​​គ្រប់​ខេត្ត​-​ក្រុង​ក្នុងព្រះ​រាជា​ណាចក្រកម្ពុជា ​​​​ហើយ​គេ​កំណត់​ខែ​ដែលត្រូវ​ដាំ​​​ឱ្យ​​បានច្បាស់លាស់​និង​រយៈ​ពេល​នៃ​ការ​លូត​លាស់​​​តែបីខែ​ប៉ុណ្ណោះ​។

បច្ចេកទេស​​នៃការ​ដាំ​​​សណ្តែក​​​បាយខុសរដូវ​​របស់កសិករ​ឈ្មោះ​​​​ហូន មៀង អាយុ​​​៥៨​ឆ្នាំ ​​នៅ​ភូមិ​បឹង​​ព្រលឹត ​​​ឃុំសាលាក្រៅ ​​ស្រុក​សាលា​ក្រៅ ​បាន​រៀបរាប់​​​​ថា ដំបូង​​ត្រូវ​ភ្ជួរ​ដីយ៉ាង​ហោច​ណាស់ពីសា ​។ បន្ទាប់​មក​​​នៅ​ថ្ងៃទី​​​១០ ឧសភា ​ឆ្នាំ​២០១១ ​គាត់បាន​យកគ្រាប់សណ្តែក​​​ប្រមាណ​ជា​​​១០គីឡូក្រាម ទៅរុំ​នឹង​​កំណាត់​​​ក្រមា ​ហើយ​យក​​គ្រាប់​​ពូជ​​​ដែលត្រូវ​ព្រោះ​​លើ​ដី​​​១ហិក​តា​នោះមក​​ចង​ឱ្យ​បានជាប់ល្អ ​ទើប​យក​ទៅ​​ជ្រលក់​​នៅក្នុង​​ទឹកក្តៅដែលកំពុងពុះ រួចស្រង់​​​​ភ្លាម​យក​ទៅហាល​​ឱ្យស្ងួត ដែលធ្វើយ៉ាង​នេះ​​គឺ​​ឱ្យ​វា​ងាប់​​​​មេរោគ​​​ដែលគេ​ហៅថា បួសម្យ៉ាង​​។​ កសិករ​​រូបនេះ​​បន្ត​ថា ​ការ​ដាំ​​សណ្តែក​​​ខុស​រដូវ​​របៀប​នេះ គឺ​ចាស់​ៗ​បា​ន​ប្រាប់​​​​ឱ្យធ្វើ​ ហើយ​ក៏​​បានសាកល្បង​​រួច​រាល់​​​ជា​ច្រើន​​ដងមក​ហើយ​​ដែរ ​ក៏ទទួល​បាន​ជោគជ័យ​​​តែ​រហូតមក ។

ចំណែកការ​ដាំ​​សណ្តែក​ដែលមិន​បួស​គឺ​គេ​អាច​​​ចាប់​ផ្តើមពី​ខែមករា និង​​កុម្ភៈ​។ ការ​ដាំ​​សណ្តែក​​​​បាយ​នៅ​​ក្នុង​រដូវប្រាំង​​អាច​ដាំ​នៅ​លើ​​ដីវាលស្រែ​ទំនាប​​បាន​​ ឯនៅ​រដូវ​វស្សា​ដាំ​នៅ​​​លើ​ដី​​ទួល ​ដែល​ទឹកមិន​លិច និង​ភ្លៀងធ្លាក់​​​មិន​ជោក​ជាំ​​ពេក ហើយ​ការដាំ​​នៅរដូវ​វស្សា​​ ឬ​​រដូវ​​ប្រាំង​នៅ​​​​ថ្ងៃ​ណា​ក៏​​​​​បានគឺ​អាស្រ័យ​​ទៅលើ​ថា តើ​​មាន​ទឹក​អាច​ឱ្យសណ្តែក​​​​រស់បាន ហើ​យត្រូវ​​​ប្រើ​វិធី​សាស្ត្រ​​ដូចខាងលើ​។

ចំណែក​​​នៅថ្ងៃទី​២០ កក្កដា ​​ឆ្នាំ​២០១១​នេះ​ លោក​អ៊ុំ​​ ប្រពន្ធ និង​កូន​បាននាំគ្នា​បេះ​សណ្តែក​​ដែល​កំពុង​តែ​ទុំ​​ជា​បណ្តើរ​​​ហើយ​​​​គាត់​​​ជឿជាក់​ថា ​​នៅ​ថ្ងៃ​​ប្រមូល​​​ផល​រួច​ខាង​មុខ​នឹងចំណេញ​​បាន​​ប្រាក់ជាង​ដំណាំ​ពោត​ដែលគាត់ធ្លាប់​បានដាំ​ពីមុន​។

បើប្រៀបធៀប​ទៅនឹង​ដំណាំ​ពោត ​​គឺវា​មាន​លក្ខណៈងាយស្រួល​​​​ជាង ហើយ​​ទទួលបាន​​ផល​ច្រើន​​​​ជា​ងឆ្ងាយ​ណាស់ ព្រោះសណ្តែក​បាយ​ក្នុង​​១​គីឡូក្រាមតម្លៃ​ពី​​៣.៨០០​រៀល ទៅ​​​៤.០០០​រៀល ចំណែក​ឯពោត​វិញ​បានត្រឹមតែ​​៥០០​រៀល ទៅ​​៦០០រៀល​ប៉ុណ្ណោះ​ ក្នុងមួួយគីឡូក្រាម​​។ ​រីឯ​ការ​ចំណាយ​​ដើមទុន​​ទៀត​ដោយទិញ​​គ្រាប់ពូជ​​​អស់តែ​​១០ម៉ឺនរៀល តែនៅពេល​ទទួល​ផល​គ្រាន់​​​​តែ​​៣ថ្ងៃ​ដំបូង​​ទទួលបាន​គ្រាប់​សណ្តែក​​​៦០​គីឡូក្រាម​ បើ​គិត​ជា​ប្រាក់គឺ​​បាន​​២៤ម៉ឺនរៀល​។

សារ​ប្រយោជន៍​​សណ្តែក​បាយ​គឺគេ​អាច​​យក​មក​ចម្រាញ់​ធ្វើប្រេង​ឆា ​​សម្រាប់​យក​មក​ធ្វើម្ហូប​​ដូចជា​ចៀនត្រី ​សាច់ ដាក់​ក្នុងសម្ល​ជំនួស​ឱ្យខ្លាញ់​ជ្រូក​ (ដែល​ទទួ​ល​ទាន​ច្រើននឹង​ធ្វើ​​ឱ្យស្ទះរន្ធ​​​សរសៃ​​ឈាម) ធ្វើ​ស្នូលនំអន្សម នំគម ​​បង្អែម និង​​អាច​យកមក​​ធ្វើគ្រឿង​​​បរិភោគ​បាន​​ជា​ច្រើន​មុខ​​​ទៀត​​។

ការរំពឹងទុក​​នៅ​ពេល​​ខាងមុខ​ ​រូបគាត់​នឹងបន្ត​​​​​​ដាំសណ្តែក​​​បាយ​នេះ​​ទៀត​ ហើយ​ក្នុង​​មួយឆ្នាំ​​អាច​ដាំ​បាន​រហូត​​ដល់​​​ទៅ​៣ដង ​លើ​​​ស​​​ដំណាំ​ពោត ដែលអាច​ដាំ​បាន​ត្រឹម​តែ​​​២ដង ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។ ​​រូបគាត់ក៏សូមផ្តាំ​​ផ្ញើ​​​ទៅ​ដល់​​​​​ប្រជា​ពល​រដ្ឋ​​​ដែរ បើសិនជា​​ដីដែល​ដាំ​ពោត​​ហើយ​​​ខ្សោះ​ជី​ជាតិ អាច​ផ្លាស់​ប្តូរមក​ដាំ​​សណ្តែក​​​​បាយមួយឆ្នាំ​​ឱ្យដី​មាន​​ជី​ជាតិ​ឡើងវិញ​​​រួច​​យកដី​នោះ​មក​​​​ដាំ​​ដំណាំ​ផ្សេងៗ​នេះជា​​របៀប​រក្សា​​ឱ្យ​​ដីនៅ​​មាន​ជី​ជាតិ​ថេរ ៕