រាជធានីភ្នំពេញ ៖ ដើម្បីធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពកាលពីព្រឹកថ្ងៃទី២២ មីនា អាជ្ញាធរខណ្ឌទួលគោក បានជួបប្រជុំជាមួយម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួលនៅក្នុងមូលដ្ឋានដើម្បីជំរុញឱ្យកត់ឈ្មោះភ្ញៀវ និងសហការជាមួយសមត្ថកិច្ចចៀសវាងនៅពេលកើតមានបទល្មើស ម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារមិនដឹង និងមិនស្គាល់ពីអត្តសញ្ញាណភ្ញៀវដែលអាចជាប់ពាក់ព័ន្ធបទល្មើស ។
លោកសេង រតនៈ អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ដើម្បីចៀសឱ្យផុតពីការចោទប្រកាន់របស់តុលាការពាក់ព័ន្ធនឹងបទល្មើសដែលបានកើតឡើង សូមម្ចាស់ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ត្រូវកត់ឈ្មោះភ្ញៀវដែលចូលស្នាក់នៅ និងសហការរាយការណ៍ពីជនសង្ស័យដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចៀសវាងជនសង្ស័យមកធ្វើសកម្មភាពល្មើសនៅផ្ទះសំណាក់របស់ខ្លួនហើយបែរជាមិនបានស្គាល់អត្តសញ្ញាណទៅវិញ ។ លោកសេង រតនៈ អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា មុនដំណើរការអាជីវកម្មផ្ទះសំណាក់ ឬសណ្ឋាគារទាមទារសុំច្បាប់ឱ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរធានាឱ្យបានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងមិនឱ្យមានបទល្មើសដូចជាការជួញដូរគ្រឿងញៀន។ល។ ក្រៅពីនោះម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវស្តាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដូចជាការកត់ឈ្មោះភ្ញៀវចូលស្នាក់នៅឱ្យបានត្រឹមត្រូវ ទើបជនល្មើសមិនហ៊ានចូលមកប្រព្រឹត្តបទល្មើសនៅទីកន្លែងរបស់ខ្លួន។ ម្យ៉ាងទៀតវាបានបង្ការ និងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវពេលមានបទល្មើសកើតឡើង ។
លោកសេង រតនៈ បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រកបអាជីវកម្មរបស់ខ្លួន ត្រូវសហការ និងស្តាប់ការណែនាំរបស់អាជ្ញាធរ ចៀសវាងមានបទល្មើសកើតឡើងនៅក្នុងផ្ទះសំណាក់ និងសណ្ឋាគាររបស់ខ្លួន បើមិនដូច្នោះទេ នឹងប្រឈមមុខផ្លូវច្បាប់មិនខាន។ ដូច្នេះមុននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ និងសុំយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីភ្ញៀវដែលចូលមកស្នាក់នៅដើម្បីចៀសវាងពីការប្រឈមមុខចំពោះផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ